(ខេត្តបាត់ដំបង)៖ យោងតាមសេចក្តី រាយការណ៍របស់អង្គភាព កំចាត់មីនកម្ពុជាឱ្យដឹងថា CMAC បានប្រទះ ឃើញយុទ្ធភណ្ឌមិន ទាន់ផ្ទុះចំនួន៣គ្រាប់ ខណៈពេលកំពុងរាវរក និង បោសសម្អាតផ្ទៃដីស្រែដើម្បីសាងសង់សាលរៀន ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងនៅ ព្រឹកថ្ងៃទី៤មីនា ឆ្នាំ២០២៤។
យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង៣គ្រាប់ រួមមានគ្រាប់កាំភ្លើង ត្បាល់ធុន៦០មម ចំនួន១គ្រាប់, គ្រាប់កាំភ្លើងត្បាល់ធុន ៨២មមចំនួន១គ្រាប់ និងគ្រាប់កាំភ្លើង ឡង់ចំនួន១គ្រាប់ ។
ដោយឡែកនៅក្នុង សង្កាត់ទូលតាឯក ក្រុងបាត់ដំបង អង្គភាពកំចាត់មីន បានប្រទះឃើញគ្រាប់កាំភ្លើង ត្បាល់ចំនួន២គ្រាប់ទៀត នៅលើមាត់ប្រឡាយ រំដោះទឹកស្អុយ ដែលCMAC បានប្រើគ្រឿងចក្រកាយ បកដីលើមាត់ប្រឡាយទឹក ។
ខេត្តជាប់ព្រំដែនមួយនេះ គឺជាទីលានដែលមាន ការប្រយុទ្ធតតាំងគ្នា កាលពីសម័យសង្រ្គាម ហើយរហូត មកដល់ពេលនេះ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បាននិងកំពុងកប់ នៅរាយប៉ាយក្នុងដី ។
កម្ពុជាមានគំរោង បោសសំអាត គ្រាប់មីនឱ្យអស់ទាំងស្រុង នៅក្នុងឆ្នាំ២០២៥ ខណៈទំហំ ផ្ទៃដីត្រូវបោស សំអាតគ្រាប់មីននិង គ្រាប់មិនទាន់ផ្ទុះ នៅសេសសល់ ប្រមាណ៦០០គីឡូ ម៉ែត្រក្រឡាថែមទៀត។
យោងតាមទិន្នន័យ របស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ មានប្រជាជនរង គ្រោះដោយសារគ្រាប់មីន សរុបចំនួន៦ម៉ឺន៥ពាន់ និង៤នាក់ក្នុងនោះ ចំនួនមនុស្សស្លាប់មាន១ម៉ឺន ៩ពាន់៨១៨នាក់៕