(ប្រទេសថៃ)៖ រឿងល្អកើតឡើងផ្ទួនៗគ្នា សម្រាប់គ្រួសារ ត្រកូលស៊ីណាវ៉ាត្រា។ នៅពេលនេះតុលាការ កំពូលថៃនៅថ្ងៃទី៤ ខែមីនា បានទម្លាក់ការចោទ ប្រកាន់ក្នុងសំណុំរឿងប្រឆាំង អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីឆ្នាំ ២០១៣ ខណៈដែលលោកស្រី នៅកាន់អំណាចនៅឡើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោកស្រី យីងឡាក់ បានរស់នៅក្រៅ ប្រទេសអស់រយៈពេល ប្រាំមួយឆ្នាំមកហើយ ដើម្បីជៀសវាងការ ជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ ទោសពីបទបង្ខូច កាតព្វកិច្ចក្នុងសំណុំរឿង ប្រឆាំងនឹងលោកស្រី បន្ទាប់ពីរដ្ឋាភិបាល លោកស្រីត្រូវបានផ្ដួលរំលំ ក្នុងរដ្ឋប្រហារយោធាឆ្នាំ 2014។
សេចក្តីសម្រេចថ្ងៃទី 4 ខែមីនា មានអាយុកាលតាំងពីឆ្នាំ 2022 នៅពេលដែលគណៈ កម្មាធិការជាតិប្រឆាំង អំពើពុករលួយ របស់ប្រទេសថៃ ប្តឹងលោកស្រី យីងឡាក់ និងមនុស្សបួននាក់ផ្សេងទៀត ដោយចោទប្រកាន់ ពួកគេពីបទបង្កការ ខូចខាតដល់ប្រទេស ដោយមិនអនុវត្ត តាមនីតិវិធី គិតជាទឹកប្រាក់ជិត ៧ លានដុល្លារ) ។
លោកមេធាវី Noppadon Laothong បានប្រាប់រ៉យទ័រថា តុលាការកំពូលថៃនៅថ្ងៃនេះ (ថ្ងៃទី៤ ខែមីនា) បានច្រានចោល សំណុំរឿងលោកស្រី យីងឡាក់ និងអ្នកផ្សេងទៀត ដោយលើកហេតុផលថា ពួកគេបំពេញ ភារកិច្ចរបស់ខ្លួនតាមច្បាប់ និងមិនបានស្វែង រកផលប្រយោជន៍ផ្ទាល់ខ្លួន។
បន្ថែមពីលើឧប្បត្តិហេតុខាងលើ អតីតនាយករដ្ឋមន្ត្រី ស្ត្រីទីមួយរបស់ប្រទេសថៃ ក៏ត្រូវកាត់ទោសឱ្យជាប់ ពន្ធនាគាររយៈពេល ៥ឆ្នាំ ពាក់ព័ន្ធនឹងកម្មវិធី ស្រូវរបស់រដ្ឋាភិបាល ដែលត្រូវបានគេនិយាយថា បានបង្កការខូចខាត រាប់ពាន់លានដុល្លារ។
កម្មវិធីឧបត្ថម្ភធនតម្លៃ ស្រូវរបស់រដ្ឋបាល របស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ បានទិញស្រូវពីកសិករក្នុង តម្លៃខ្ពស់ជាងតម្លៃទីផ្សារ ៥០%។ គោលនយោបាយនេះ ត្រូវបានគាំទ្រដោយកសិករ ប៉ុន្តែអ្នករិះគន់នៅ ពេលនោះបាននិយាយថា គោលនយោបាយ នេះធ្វើឱ្យរដ្ឋខាត បង់ប្រហែល 7-8 ពាន់លានដុល្លារ។
លោកស្រី យីងឡាក់ បាននិយាយថា លោកស្រីទទួលខុសត្រូវចំពោះ គោលនយោបាយប៉ុណ្ណោះ មិនមែនការគ្រប់គ្រង កម្មវិធីប្រចាំថ្ងៃនោះទេ។ អតីតនាយករដ្ឋមន្ត្រីថៃ ក៏បានបដិសេធការធ្វេស ប្រហែសនៃការទទួល ខុសត្រូវក្នុងកម្មវិធីអង្ករដែរ។
ទន្ទឹមនឹងនេះ បងប្រុសរបស់លោកស្រី យីងឡាក់ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែង កាលពីពេលថ្មីៗនេះ។ លោកថាក់ស៊ីនបាន ត្រឡប់មកប្រទេសថៃ វិញកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីបានស្នាក់ នៅក្រៅប្រទេសអស់ រយៈពេល 15 ឆ្នាំ ដើម្បីចៀសវាងការ ចោទប្រកាន់ពីបទ រំលោភអំណាច និងអំពើពុករលួយ៕