(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី៣មិនាឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការ គ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ ការយល់ដឹងរបស់ មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន ៧៣កន្លែង មានផ្ទៃដីជាង៧លាន ហិចតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមផែន ការយុទ្ធសាស្រ្ត និងសកម្មភាពនានា បានរកឃើញថា សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២០៨៥ ប្រភេទ (ថនិកសត្វ= ១៤៧ បក្សី=៥៤៣ ល្មូន=១៤៥ ថលជលិគ=៥៩ ត្រី=១០៩៣ និងសត្វល្អិត=៩៨) ។
លោក ខ្វៃ អាទិត្យា បានអះអាងថា ក្រសួងបរិស្ថាននិង អង្គការដៃគូធ្វើការអភិរក្ស ដោយផ្តោតសំខាន់ទៅលើ ប្រភេទសត្វដែល មានដោយកម្រ ជិតផុតពូជ និងកំពុងគំរាម កំហែងចំនួនប្រមាណ ១២៣ប្រភេទ (ថនិកសត្វ= ២៥ បក្សី=៣៣ ល្មូន=២១ ថលជលិគ=៩ និងត្រី= ៣៥) ជាមួយគ្នានេះ ប្រភេទសត្វជិតផុតពូជដែលមាន ច្រើនជាងគេនៅ កម្ពុជារួមមាន៖ ថនិកសត្វមាន៖ ទន្សោង បក្សីមាន៖ក្ងរ (ត្រយ៉ង) យក្ស ចាបតេតកម្ពុជា និងត្រយ៉ងចំកកសជាដើម។
អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រទេសកម្ពុជាក៏ចាត់ ទុកជាប្រទេស ដែលមានវត្តមានប្រភេទសត្វ ដែលមានដោយ កម្រ ជិតផុតពូជ និងកំពុងគំរាម កំហែងច្រើនដូចជា៖ ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចំកកស និងចាបតេតកម្ពុជាជាដើម មានវត្តមានតិចជាង ប្រទេសជិតខាងដូចជា ដំរីអាស៊ី និងខ្ទីងជាដើម។
លោកខ្វៃអាទិត្យា បន្ថែមថា កម្ពុជាបាននិងកំពុងយក ចិត្តទុកដាក់ខ្លាំង សហការការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ ថ្នាក់ អង្គការដៃគូ ការពារមតរកធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃនិង ជិវៈចម្រុះ ដើម្បីបន្តទុកដល់ កូនចៅជំនាន់ក្រោយ និងជាពិសេសធានា ដល់ថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅសម្រេច ទស្សនវិស័យប្រទេស អព្យាក្រឹតកាបូនឆ្នាំ២០៥០។
នៅក្នុងវិធានការបង្កើន ប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹម តែបន្តពង្រឹងលើការ អនុវត្តច្បាប់ លើវិធាន៤ចំណុច ក្នុងនោះដោយអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទ ល្មើសធនធានធម្មជាតិ ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោត សំខាន់លើការអភិវឌ្ឍ ជំរុញការដាំដើមឈើ ឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្ស ជីវចម្រុះដោយចីរភាព។
តាមរយៈនេះ ក្រសួងបរិស្ថានបាន ដាក់ចេញយុទ្ធនា ការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យ បានបញ្ជាក់ថា ចំពោះការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាវិធានការជាក់ស្តែង ដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃរបស់ កម្ពុជាឱ្យបានគង់វង្ស ដូចជាការដាំដុះដើមឈើ គឺ«ដើម្បីរកចំណូល» តាម រយៈការលក់ ឥណទានកាបូន និងទេសចរណ៍ គោលដៅកម្សាន្តបៃតង ៕