(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីសំណុំរឿង ព្រហ្មទណ្ឌលេខ១៣៦៣ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន០៣នាក់ (មានខ្លួន០១នាក់ និងគេចខ្លួន០២នាក់) ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពី បទល្មើសជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងបទល្មើសឆ្លងដែន ចូលក្នុងព្រះរាជាណាចក្រ កម្ពុជាដោយខុសច្បាប់ ប្រព្រឹត្តនៅខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ តំណាង អយ្យការដកហូត បានវត្ថុតាង គ្រឿងញៀន និងសារធាតុផ្សំផ្សេង ទៀតទម្ងន់ជាង២ គីឡូក្រាម។
ចៅក្រមស៊ើបសួរនៃ សាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន បណ្តោះអាសន្ន លើជនត្រូវចោទ ឈ្មោះ DA ZHUANG ភេទប្រុស ជាប់ចោទ ពីបទល្មើសជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីការត្រួត ពិនិត្យគ្រឿងញៀន និងបទល្មើសឆ្លងដែនចូល ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ តាមមាត្រា៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។
គួររម្លឹកថា លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ធ្វើការបង្រ្កាបករណី ជួញដូររក្សាទុក ដោយខុសច្បាប់នូវ សារធាតុញៀន នៅ២គោលដៅផ្សេងគ្នា គោលដៅទី១ នៅមុខសណ្ឋាគារកាសា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅខុនដូរ R&F ជាន់ទី២៩ បន្ទប់លេខ២៩០៦ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញឃាត់បាន ជនសង្ស័យម្នាក់ ឈ្មោះ តាក ជ័ង (DA ZHANG) ភេទប្រុស កើតឆ្នាំ១៩៩០ ជនជាតិចិន។ វត្ថុតាងចាប់យកបាន៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៤៥០.៩១ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១៦២៤.៥២ក្រាម, គ្រឿងញៀនប្រភេទនីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៥,៩៨ក្រាម។ សរុបសារធាតុញៀនទម្ងន់ ២០៨១.៤១ក្រាម (២គីឡូ ៨១.៤១ក្រាម)៕