(ភ្នំពេញ)៖ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ នារសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤នេះ បានបញ្ចាក់ ស្តីពីការបង្ក្រាបមុខសញ្ញា ប្រព្រឹត្តបទល្មើស៖ អំពើលួចមានស្ថាន ទម្ងន់ទោស ដោយការប្រព្រឹត្ត អំពើហិង្សា(ប្រើខ្សែក្រវ៉ាត់វាយ ប្លន់យកម៉ូតូ) ។
ដោយអនុវត្តតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែន ការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ទឹកថ្លា បានស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្ត អំពើហិង្សា (ប្រើខ្សែក្រវ៉ាត់វាយ ប្លន់យកម៉ូតូ) នៅចំណុចតាម បណ្តោយផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣:៤០នាទី ។
ជនសង្ស័យមានឈ្មោះ ស៊ំ រក្សាពេជ្រ ហៅ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។
ចំណែកជនរង គ្រោះមានឈ្មោះ អ វ ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយជនរងគ្រោះ របួស ១,បែកក្បាល ដេរចំនួន ០៥ថ្នេរ ២,បែកចិញ្ចើមខាងឆ្វេង ដេរចំនួន០៣ថ្នេរ និងរបួសជាំខ្នង ។
ក្នុងនោះមានសម្ភារៈបន្សល់ទុក៖ ១,ម៉ូតូ០២គ្រឿងម៉ាកសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ(កាំបន្ទះពណ៌ស) ពាក់ផ្លាកលេខ ប,មានជ័យ1N-0589(របស់ជនសង្ស័យ) និងស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KJ-8323(របស់ជនរងគ្រោះ) ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕