សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ គោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យ ការរៀបចំព្រះរាជ ពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញ គោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំ ព្រះរាជពិធីបុណ្យ យាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលម៉ិញ នាបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។

សម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស ព្រះសង្ឃរាជនៃ ព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទីវង្គត់នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា។

គណៈសង្ឃនាយកនៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការនិងសាសនា សូមថ្វាយ-ប្រគេន-ជូន ដំណឹងដល់ សម្តេចព្រះសង្ឃ ព្រះរាជាគណៈ មន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ និងសាធារណជន គ្រប់មជ្ឈដ្ឋាន មេត្តា ជ្រាបថា សម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ  នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូល ទិវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៤០ នាទី ដោយព្រះជរាពាធក្នុង ជន្មាយុ៩៣ ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ព្រះសពត្រូវបាន តម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសព្រះរាជមហាកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសព តាមប្រពៃណីពុទ្ធសាសនា ខ្មែរ រហូតដល់ថ្ងៃថ្វាយព្រះភ្លើង។ ចំពោះកាលបរិច្ឆេទ នៃព្រះរាជពិធីថ្វាយព្រះភ្លើង នឹងត្រូវថ្វាយ-ប្រគេន-ជូន ដំណឹងនៅ ពេលក្រោយ។

អាស្រ័យដូចបានថ្វាយ-ប្រគេន-ជូនដំណឹងខាងលើនេះ សូមសម្តេចព្រះសង្ឃ ព្រះរាជាគណៈ មន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ និងសាធារណជន គ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបអំពីដំណឹង ដ៏ក្រៀមក្រំនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *