(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកការដ្ឋាន សាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាប្រភេទ ស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ ផ្តើមពីត្រើយខាង លិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅ ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ស្ពានបេតុងភ្លោះនេះ មានទទឹងប្រវែងសរុប ២៧ម៉ែត្រ ដោយស្ពាននីមួយៗ មានមុខកាត់ទទឹង ១៣,២៥ម៉ែត្រ ត្រូវអ៊ុតបេតុងកៅស៊ូ AC ផ្ទៃខាងលើកម្រាស់ ១០សង់ទីម៉ែត្រ ហើយមានគម្លាតពីគ្នា កន្លះម៉ែត្រ។
ស្ពាននីមួយៗ មានគន្លងផ្លូវសម្រាប់ រថយន្តចរាចរណ៍ចំនួន ២គន្លង ប្រវែង ៧ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានមានចំនួន ១គន្លង ប្រវែង ២,៥ម៉ែត្រ ផ្លូវថ្មើរជើងមានចំនួន ១គន្លង ប្រវែង ២ម៉ែត្រ បង្កាន់ដៃស្ពានសងខាងសរុបប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែង កន្លះម៉ែត្រ និងមានទំហំឆ្លងកាត់ សម្រាប់នាវាចរផ្នែក ខាងក្រោមស្ពាន ៩០ម៉ែត្រ x ១១,៥ម៉ែត្រ។
ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពាន ទាំងសងខាងទៅមហាវិថី សំខាន់ៗនៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹងត្រូវស្ថាបនាទៅ តាមលក្ខណៈបច្ចេកទេស ក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពាន ត្រើយខាងលិច មានប្រវែង ៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើត មានប្រវែង ៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជា ប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុតកម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ។
គម្រោងនេះក៏រួមបញ្ចូលការស្ថា បនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំង សងខាងចំនួន ៤កំណាត់ ប្រវែងសរុប ១,៥៤១ម៉ែត្រ ដោយក្រាលបេតុង សរសៃដែក ព្រមទាំងការស្ថាបនា ពង្រីកកំណាត់ផ្លូវចំនួន ២ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន និងការរៀបចំបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ ទៅតាមបទដ្ឋានបច្ចេក ទេសផ្លូវថ្នល់ផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ជាប្រភេទស្ពានដែល អនុញ្ញាតឱ្យរថយន្តបើក ឆ្លងកាត់ចំនួន ២ ខ្សែទៅ ២ ខ្សែមក។
នៅថ្ងៃនេះ សម្ដេចធិបតីបានមាន ប្រសាសន៍បញ្ជាឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញពិនិត្យលទ្ធភាពជា មួយវិស័យឯកជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើកផ្លូវត្រង់ ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាងណា អាចឱ្យពលរដ្ឋធ្វើដំណើរ ត្រង់ទៅចំផ្លូវជាតិលេខ១ តែម្ដង ដើម្បីផ្ដល់ភាពកាន់ តែងាយស្រួលក្នុងការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីបន្តថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យការធ្វើដំណើរ ប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេល វេលាធ្វើដំណើរ បង្រួមខេត្តក្រុង ឱ្យកាន់តែជិតគ្នា។ តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយក សាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាអាទិភាពទីពីរដែល រាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ និងដាក់ចេញក្នុង គោលនយោបាយ និងយុទ្ធសាស្រ្ដជាតិ បន្ទាប់ពីមនុស្ស។
សម្តេចបន្តថា គម្រោងសាងសង់ស្ពាន ពីផ្សារចាស់ទៅអរិយក្សត្រ និងស្ពានដែលធំជាង គេនៅខេត្តក្រចេះ ពេលនេះ កំពុងសិក្សាដើម្បីឈាន ទៅធ្វើការសាងសង់ នាពេលខាងមុខ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបង្កើនការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោយសារមានកំណើនប្រជាជន និងសេដ្ឋកិច្ចជាតិ រីកចម្រើន ដែលទាមទារឱ្យមានការ ពង្រីកការសាងសង់បន្ថែម។
សម្តេចធិបតីបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ គិតទាំងប្រជាពលរដ្ឋ រស់នៅអចិន្រ្ដៃយ៍ និងប្រជាពលរដ្ឋមក ប្រកបការងារពីបណ្ដា ខេត្តសរុបមានជាង ៣ លាននាក់ ដូច្នេះការដោះស្រាយបញ្ហា ចរាចរណ៍គឺត្រូវគិតគូរ មិនអាចរងចាំបានទេ។
បញ្ហាចរាចរណ៍នេះ ត្រូវបានគិតគូរតាំង ពីអាណត្តិមុនដោយ សម្ដេចតេជោ ហ៊ុន សែន ដូច្នេះមិនត្រូវរងចាំ ទៀតទេគឺត្រូវការ ដោះស្រាយបញ្ហនេះតាម រយៈការបង្កើនសមត្ថភាព មធ្យោបាយដឹកជញ្ជូន សាធារណៈ, ការបើកផ្លូវក្រវាត់ក្រុង និងមធ្យោបាយក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើអាកាស)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កន្លងមកនេះ មិត្តចិនបានជួយសាងសង់ ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ ស្ពានរួចហើយ។ ចិន គឺជាប្រទេសដែល ឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ,…) នៅកម្ពុជា។
នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យត្រៀម មធ្យោបាយដឹកជញ្ជូន និងទឹកសុទ្ធ សម្រាប់ជូនបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នាពេលខាងមុខ។
នៅថ្ងៃនេះផងដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាមិនអាចអត់ឱន ឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិត មាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និងកិត្តិយសកម្ពុជា តាមរយៈការផលិត វីដេអូចាប់ជំរិត និងវីដេអូប្រឌិត ជាច្រើនទៀត ដូច្នេះមិនអាចឱ្យ មានការអន្តរាគមន៍ ជាដាច់ខាត។
សម្ដេចធិបតីក៏បានព្រមាន ដល់ក្រុមអ្នកផលិត មាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់ យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។
សម្ដេចធិបតី ក៏បានព្រមានដល់ពលរដ្ឋ នៅប្រទេសផ្សេងទៀត ដែលមានបំណង ចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញ ចេញពីកម្ពុជា ហើយនឹង ត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជា មួយជីវិតថែមទៀត។
នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យបន្តការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសករណីត្រួតពិនិត្យ គ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។ សម្ដេចស្នើឱ្យប្រជាពលរដ្ឋស្វ័យ ម្ចាស់ការលើការបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន។
សម្ដេចធិបតីបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយ បញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើនជាងអ្នកស្លាប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។ សម្ដេចធិបតីបានស្នើដល់អ្នកបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមក ទទួលខុសត្រូវលើ កំហុសរបស់ខ្លួន។ សម្ដេចធិបតី បានអំពាវនាវដល់ អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរព តាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោក ដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃ ស្រក់ទឹកភ្នែក ដោយសារការបើក បរមិនគោរពច្បាប់។
មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុចប៊ូតុង បើកការដ្ឋានសាងសង់ ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ចាប់ពីពេលនេះតទៅ៕