ក្រសួងព័ត៌មានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី «សកម្មភាពអបអរទិវាវិទ្យុ ពិភពលោកឆ្នាំ២០២៤» តួនាទីស្នូល និងដ៏ចាំបាច់របស់វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយបុរាណ នាយុគសម័យឌីជីថល ក្នុងការថែរក្សាសន្តិភាព  និងអភិវឌ្ឍប្រទេសជាតិ ដោយចីរភាពនិងបរិយាបន្ន

(ភ្នំពេញ​)៖​ យុទ្ធនាការសប្តាហ៍វិទ្យុរបស់ ក្រសួងព័ត៌មានត្រូវបាន បិទបញ្ចប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពី ឥស្សរជនជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ព្រមទាំងនិស្សិត មកពីសាកលវិទ្យាល័យ ផ្នែកសារព័ត៌មាន សុរបចំនួន២២១នាក់ ដើម្បីអបអរទិវាវិទ្យុពិភព លោកឆ្នាំ២០២៤។

ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន យុទ្ធនាការសប្ដាហ៍ វិទ្យុត្រូវបានរៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយដល់សាធារណៈជន នៅក្នុងប្រទេសកម្ពុជា និងនៅលើ ពិភពលោកឱ្យបានដឹង បន្ថែមទៀតនូវតួនាទី និងគុណតម្លៃដ៏ សំខាន់របស់វិទ្យុ ជាពិសេសវិទ្យុជាតិកម្ពុជា ដែល ជាប្រព័ន្ធផ្សព្វផ្សាយ បុរាណមួយប្រភេទ មានអាយុកាល ជាង ៤ទសវត្ស បានចូលរួមចំណែក យ៉ាងសកម្មក្នុង កសាង ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើន និងសេរីភាពពេញ លេញដូចនាពេល បច្ចុប្បន្ន។

យុទ្ធនាការសប្តាហ៍វិទ្យុ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បាន ប្រមូលផ្តុំសកម្មភាព សំខាន់ៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងឱ្យ បានឃើញច្បាស់អំពីសារៈ សំខាន់របស់វិទ្យុ ដែល តែងតែនៅក្បែរប្រជាជន និងមានទំនាក់ទំនង យ៉ាងជិតស្និទជាមួយនឹង ការរស់នៅប្រចាំថ្ងៃរបស់ មនុស្សគ្រប់ វ័យ និងគ្រប់ស្រទាប់វណ្ណៈ ក្នុងការផ្តល់ដំណឹង ចំណេះដឹង ទស្សនៈ បំណិនជីវិត និងការកំសាន្ត ការអប់រំ និងព័ត៌មានដ៏សំបូរបែប គ្រប់ទម្រង់ និងគ្រប់ទិសទី ដោយគ្មានដែនកំណត់។

សកម្មភាពសំខាន់ៗទាំងនោះ រួមមាន៖ ការផ្សព្វផ្សាយសារគន្លឹះ និងអនុសាសន៍របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្មវិធី សន្ទនាមតិជាមួយវាគ្មិន ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងយុវជនកម្ពុជា ពិធីសំណេះសំណាល ជាមួយនិស្សិត ទស្សនកិច្ចសិក្សារបស់ និស្សិតនៅអគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា និងស្ថានីយផ្សាយ វិទ្យុជាតិកម្ពុជា ការផ្សព្វផ្សាយ បទវិចារណកថា បទយកការណ៍ និងព័ត៌មានជាច្រើនទៀត ជាទម្រង់ផ្សាយសំឡេង រូបភាព ការផ្សាយផ្ទាល់ ព្រមទាំងអត្ថបទ តាមរយៈប្រព័ន្ធផ្សាយ រលកធាតុអាកាស គេហទំព័រ និងបណ្តាញ ទំនាក់ទំនងសង្គមគ្រប់ ប្រភេទ។

ក្នុងជំនួបជាមួយនិស្សិត មកពីដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យប៊ែលធីអន្តជាតិ និងយុវជនស.ស.យក.វិស័យព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់ការស្វាគមន៍ និងសំណេះសំណាលប្រកបដោយភាពស្និទស្នាល ដោយមានការយកចិត្តទុកដាក់ និងការចូលរួមតាមរយៈ ការលើកឡើងនូវសំណួរ យោបល់ ជុំវិញការវិវត្ត និងតួនាទីដ៏សំខាន់របស់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ បុរាណផ្សេងទៀតពី សម័យកាលមួយ ទៅសម័យកាលមួយ រហូតដល់យុគសម័យ បរិវិវត្តកម្មឌីជីថលនា ពេលបច្ចុប្បន្ន។

ស្របពេលជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានអត្ថាធិប្បាយ ផងដែរពីដំណើរវិវត្ត របស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្ថានភាពប្រព័ន្ធ ផ្សព្វផ្សាយនា ពេលបច្ចុប្បន្នជាមួយនឹងវឌ្ឍភាព ឥតឈប់ឈរនៃបច្ចេកវិទ្យា ព្រមទាំងនិន្នាការក្នុងការទទួល ព័ត៌មានរបស់ប្រជាជន ដែលបានផ្តល់ទាំងឱកាសថ្មីៗ និងបញ្ហាប្រឈមមួយ ចំនួនដល់វិស័យព័ត៌មាន និង សោតទស្សន៍។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មាន និងប្រតិបត្តិករក្នុងវិស័យព័ត៌មាន តាមរយៈការប្រារព្ធ ទិវាវិទ្យុពិភពលោកឆ្នាំនេះ បានបង្ហាញការប្តេជ្ញាចិត្ត ជាថ្មីម្តងទៀតលើការលើក កម្ពស់តួនាទីរបស់វិទ្យុ និង ប្រព័ន្ធផ្សព្វផ្សាយបុរាណទាំងអស់ ជាភ្នាក់ងារផ្តល់ព័ត៌មាន ភ្ជាប់ការប្រាស្រ័យទាក់ទង ការអប់រំ ចំណេះដឹង និងការកំសាន្ត ដើម្បីរួមចំណែកក្នុងការបណ្តុះស្មារតី មនសិកា និងមោទនភាពជាតិ បណ្តុះការស្រឡាញ់វប្បធម៌ និងប្រពៃណី ព្រមទាំងថែរក្សា ការពារសន្តិភាព និងអត្តសញ្ញាណជាតិ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ទោះក្នុងតម្លៃណាក៏ដោយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ផ្សេងៗទៀតត្រូវតែ បន្តរស់ក្នុងបរិបទថ្មី តំណាលគ្នា និងបំពេញឱ្យគ្នាទៅវិញ ទៅមកជាមួយប្រព័ន្ធផ្សព្វផ្សាយ ទំនើប។ ក្រសួងព័ត៌មាននឹងបន្តអភិរក្ស និងអភិវឌ្ឍប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណីឱ្យ មានភាពរីកចម្រើនឡើង ទៅមុខថែមទៀត តាមរយៈការបន្ត ធ្វើសមាហរណកម្ម និងកំណែទម្រង់កម្មវិធីផ្សាយ ឱ្យស្របតាមការវិវត្ត របស់សង្គម»។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា «យើងបាន និងកំពុងបន្តលើក កម្ពស់តួនាទី និងគុណតម្លៃវិទ្យុ  ព្រមទាំងប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណី ទាំងអស់ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយ នេះរក្សាបាននូវ ទំនាក់ទំនងប្រកបដោយ បរិយាបន្ន ព្រមទាំងភាពប្រកួតប្រជែង និងគុណភាពស្របទៅ នឹងការវិវត្តរបស់សង្គម បច្ចេកវិទ្យាថ្មីៗ និងបរិវត្តកម្មឌីជីថល សម្រាប់ប្រជាជន គ្រប់ស្រទាប់ទាំងអស់ក្នុងសង្គម ដោយផ្តោតលើ ការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការរៀបចំសណ្តាប់ធ្នាប់សារ ព័ត៌មាន និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្អែកលើអភិក្រម « ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយ ជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន » ។

នាឱកាសនោះដែរ លោក តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកនៃអគ្គ នាយកដ្ឋានវិទ្យុជាតិកម្ពុជា បានផ្ដល់បទបង្ហាញអំពីប្រវត្តិវិទ្យុ ការអភិវឌ្ឍនៃវិទ្យុជាតិកម្ពុជា ទៅតាមសម័យកាល និងការសំណេះសំណាល ប្រកបដោយអត្ថន័យ និងភាពកក់ក្តៅជាមួយ និស្សិតទាំងអស់ ដែលបានផ្តល់នូវ ចំណេះដឹងជាច្រើន ដល់ប្អូនៗនិស្សិតជាពិសេស ប្រវត្តិនៃការកកើតវិទ្យុជាតិ ចាប់តាំងពីចុងសតវត្សរ៍ទី១៩ គ្រា ដែលវិទ្យុផ្សាយសម្លេង បានចាប់បដិសន្ធិនៅកម្ពុជា ព្រមទាំងកាវិវត្តិនានា ដោយសម្របខ្លួនទៅ តាមរបប និង សម័យកាលផ្សេងៗ។

ទន្ទឹមគ្នានេះ និស្សិតគ្រប់រូបក៏ បានស្វែងយល់ពី វត្តមានរបស់វិទ្យុជាតិ ក្នុងការផ្សាយ សំឡេងនៅគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា ទាំងវិទ្យុ AM និង FM ប្រភេទវិទ្យុបណ្តាញ និងនៅតាមតំបន់ បណ្តាខេត្ត ព្រមទាំងទិដ្ឋភាពការងារ បច្ចេកទេសនៃការផ្សាយ កម្មវិធីវិទ្យុនានា។

ខណៈពិភពលោកប្រារព្ធទិវាវិទ្យុឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «មួយសតវត្សរនៃវិទ្យុក្នុង ការផ្តល់ព័ត៌មាន កំសាន្ត និងអបរំ» (Radio: A Century of Information, Entertaining and Education)ទស្សនកិច្ចសិក្សារបស់ និស្សិតទៅកាន់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវបានធ្វើឡើង ដើម្បីផ្តល់ឱកាសឱ្យ និស្សិតបានស្វែងយល់ ពីតម្លៃនៃការផ្សព្វផ្សាយ ព័ត៌មានដោយវិទ្យុ និងដំណើរការផលិត កម្មវិធីវិទ្យុដោយ នាយកដ្ឋានចំណុះឱ្យ អគ្គនាយកដ្ឋាន វិទ្យាជាតិកម្ពុជា។ លើសពីនេះ គឺដើម្បីលើកទឹកចិត្តឱ្យ មានការចូលរួម  ប្រកបដោយបរិយាបន្ត ជាពិសេសពីយុវជន ជំនាន់ក្រោយ ក្នុងការចាប់យកអាជីព សារព័ត៌មាន ដើម្បីបន្ត អភិវឌ្ឍ ធានានិរន្តភាព និងរក្សាប្រសិទ្ធភាព វិស័យព័ត៌មាននៅកម្ពុជា។

នាឱកាសនោះដែរ លោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានថ្លែងប្រាប់ប្អូនៗ និស្សិតពីការងាររបស់វិទ្យុជាតិ ក្នុងពេលបច្ចុប្បន្ន និងការប្រែក្លាយរូបរាង ដោយជោគជ័យពីវិទ្យុផ្សាយតែ សម្លេងទៅជាវិទ្យុកូល័រ ដែលមាន ទម្រង់ចម្រុះ មានទាំងរូបភាព និងសម្លេង ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយ និងសកម្មជាងមុនទាំង តាមបែបប្រពៃណី លើឌីជីថល និងបណ្តាញសង្គមផងដែរ។ បន្ថែមពីនេះ លោកស្រីអគ្គនាយិកា បានលើក ទឹកចិត្តឱ្យប្អូនៗនិស្សិត ចូលរួមស្តាប់វិទ្យុឱ្យបានច្រើនតាមស្មាតហ្វូនតែម្តង ដោយចាំបាច់ទិញវិទ្យុដូចមុន ឡើយ និងអាចចូលរួមផ្តល់ជាមតិយោបល់ពីប្រធានបទសង្គមនានាតាមរយៈការ call-in ព្រោះចំណុចនេះ ហើយ ដែលបង្ហាញពីតួនាទីរបស់វិទ្យុ គឺជាស្ពានផ្សាភ្ជាប់ ប្រជាជនពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ និងវ័យ ជាមួយ នឹងអាជ្ញាធរមានសមត្ថិកិច្ច ក៏ដូចជារដ្ឋាភិបាលផងដែរ។

ក្នុងដំណើរទស្សនកិច្ច និស្សិតទាំងអស់បានស្វែងយល់ ពីមុខងារ និងការធ្វើការប្រចាំថ្ងៃ របស់នាយកដ្ឋានផ្សេងៗ រួមមាន នាយកដ្ឋានបច្ចេកទេស នាយកដ្ឋានព័ត៌មាន ផ្សាយទៅបរទេស នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស និងនាយកដ្ឋានកម្មវិធី ព្រមទាំងចូលទស្សនា រថយន្តបំពងសម្លេងផងដែរ។

យុទ្ធនាការសប្តាហ៍វិទ្យុ របស់ក្រសួងព័ត៌មាន បានបិទបញ្ចប់ប្រកបដោយខ្លឹមសារ និងបានផ្តល់ឱកាស ថ្មី និងពុទ្ធិបន្ថែមសម្រាប់ប្អូនៗ និស្សិតយកទៅប្រើប្រាស់ ជាប្រយោជន៍សម្រាប់ការសិក្សា និងការប្រកបការងារ  នាពេលអនាគត។

ក្នុងគោលដៅបង្កើន បរិមាណប្រតិបត្តិករវិស័យព័ត៌មាន លើគ្រប់តួនាទីបច្ចេកទេសប្រកប ដោយគុណភាព និងសមត្ថភាពជំនាញ ក្រសួងព័ត៌មានលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យ និស្សិតគ្រប់ជំនាញ ជាពិសេសនិស្សិតដែលកំពុង សិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផ្ទាល់ដែល មានបំណងចង់ហាត់ការ នៅគ្រប់អគ្គនាយកដ្ឋាន បច្ចេកទេសនៃ ក្រសួងព័ត៌មាន ដើម្បីទទួលបានចំណេះ ដឹងថ្មីៗពីអ្នកជំនាញក្នុងវិស័យ ព័ត៌មាន។

ក្នុងក្របខណ្ឌនៃការ អភិវឌ្ឍធនធានមនុស្ស និងការបង្កើនគុណភាព ប្រតិបត្តិករក្នុងវិស័យសារព័ត៌មាន  ក្រសួងព័ត៌មានបាន ដាក់ឱ្យដំណើរការឡើងវិញនូវ មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវសារព័ត៌មាន  ដែលជាជំហានដំបូងបាន ផ្ដល់ការបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានជូនមន្ត្រីវ័យក្មេង តាមអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង សរុបចំនួន១៦០រូប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *