សមត្ថកិច្ចកម្ពុជា ច្រានចោលចំពោះ ការព្រួយបារម្ភរបស់ ស្ថានទូតរុស្ស៉ី អំពីបញ្ហាសន្តិសុខ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានចេញសេចក្តី ប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញមាន ការចេញផ្សាយ លើប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គម ដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធការសម្តែង នូវភាពព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានី ភ្នំពេញ ពិសេសតាម ដងមហាវិថីព្រះស៊ីសុវត្ថិ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអះអាងថា បច្ចុប្បន្នស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរ  មិនដូចអ្វីដែលស្ថាន ទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជាបាន លើកឡើងនោះទេ និងបានបញ្ជាក់ថា៖

១. ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ តែងតែយកចិត្ត ទុកដាក់ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ទាំងអស់ ដែលកំពុងរស់នៅ និងមកលេងកម្សាន្តនៅ ក្នុងរាជធានីភ្នំពេញ គ្រប់កាលៈទេសៈទាំងអស់ ដោយបានចាត់ទុក ការងារនេះមានសារៈសំខាន់ និងចាំបាច់បំផុត។

២. គ្រប់បទល្មើស ដែលបានកើតឡើង ត្រូវបានសមត្ថកិច្ច នគរបាលរាជធា នីភ្នំពេញ ចាត់វិធានការដោះស្រាយ និងខិតខំស្រាវ ជ្រាវឱ្យអស់ លទ្ធភាព ដើម្បីឈានទៅ បង្ក្រាបមុខសញ្ញា ប្រព្រឹត្តល្មើសមក ផ្ដន្ទាទោស តាមនីតិវិធីច្បាប់។ ទន្ទឹមគ្នានោះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានរៀបចំយន្តការ ផែនការ និងដាក់ ចេញវិធានការផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ទាំងអស់ឱ្យកាន់តែមាន ប្រសិទ្ធភាព។

អ្នកនាំពាក្យនៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិទាំងអស់ កុំមានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចការចេញផ្សាយរបស់ ស្ថានទូតសហព័ន្ធរុស្ស៊ី។

ក្នុងករណីមានបញ្ហាកើតឡើង អាចទំនាក់ទំនង រាយការណ៍អំពី ហេតុការណ៍ភ្លាមៗ ទៅកាន់ប៉ុស្តិ៍នគរបាល  រដ្ឋបាលដែល នៅជិតបំផុត ឬតាមរយៈលេខទូរសព្ទ Hotline: ១១៧ និង ០១២ ៩៩៩ ៩៩៩ ដើម្បីសមត្ថកិច្ច ធ្វើការដោះស្រាយ បានទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *