(ខេត្តកណ្តាល)៖ មានករណីសមត្ថកិច្ច នគរបាលស្រុកពញាឮ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃចន្ទ ០៤រោច ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៩ ខែ មករា គ.ស ២០២៤ វេលាម៉ោង ០៩និង ០០ នាទី ស្ថិតនៅចំណុច ភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល ។
កម្លាំងជំនាញផ្នែក នគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ សហការជាមួយ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលភ្នំបាត បានស្រាវជ្រាវ និងបង្ក្រាបតាមដីកា បង្គាប់ឲ្យចាប់ខ្លួនជន ត្រូវចោទចំនួន ០១នាក់ មានឈ្មោះ លឹម វាសនា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយកព័ត៌មាន អង្គភាព «បារមីតេជោសន្តិភាព» មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល ។
ជនត្រូវចោទមាន សារធាតុញៀននៅ ក្នុងទឹកនោមផងដែរ។
សមត្ថកិច្ចនគរបាលស្រុកពញាឮ បានបញ្ជាក់អោយដឹងថា ៖ ពាក់ព័ន្ធករណីចាប់ខ្លួននេះ គឺមានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០២៖ ក្នុងនោះ ១ -ដីកាលេខ ១៦៤ បគ.ចខ/២២ ចុះថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២ ចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក ហេង ផល្លា ។
ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ប្រព្រឹត្តនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល កាលពីនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១ ។
២ -ដីកាលេខ៥៧៦ ដក.បចខ ចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល លោក អ៊ុក សុវណ្ណារិទ្ធ ។
ត្រូវចោទពីបទ៖ ជួញដូរ ដោយ ខុសច្បាប់ នូវសារធាតុញៀន ។
ប្រព្រឹត្តនៅ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល កាលពីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ ។
ចំពោះករណីនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាលកំពុងកសាង សំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕