(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងសហការី និង ក្រុមការងារ ស.ស.យ.ក ខេត្ត តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី បាននាំយកបច្ច័យ ចំនួន២៧.៤៥៩.០០០ រៀល និង ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល ក្នុងភូមិថ្មរមៀលលិច-កើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីនេះត្រូវបាន ប្រារព្ធធ្វើឡើងរៀង រាល់១ឆ្នាំម្តង តាមប្រពៃណីនៃ ព្រះពុទ្ធសាសនា និងដើម្បីជាការ ដឹងគុណ ឧទ្ទិសកុសល ជូនដល់បុព្វការីជន មាន មាតា បីតា ជីដូន ជីតា ញាតិការទាំង៧ សន្តាន និងបុព្វបុរសដែល បានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលលោកបាន ចែកឋានទៅកាន់ បរលោកខាងមុខហើយនោះ។
ប្រគេនបច្ច័យ ព្រះសង្ឃសរុប ចំនួន ២៧.៤៥៩.០០០ រៀល សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត បានប្រគេន ព្រះសង្ឃចំនួន៣៨អង្គ ក្នុង១អង្គ ៤១ម៉ឺនរៀល ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ស្លាដក់១ ភេជសជ្ជ:១កន្ត្រក។ នំបញ្ចុកសម្លការី១០០គីឡូ ក្រាម សម្រាប់ជូនតាជី យាយជី ប្រជាពលរដ្ឋបរិភោគ ក្នុងពិធីនោះផងបងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសំណេះសំណាល សួរសុខទុក្ខ ព្រះសង្ឃ យាយជី តាជី ពុទ្ធបរិស័ទ។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី ឧត្តម សេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការ នគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ លោកតា លោកយាយ ញាត្តិមិត្តទាំងអស់ ដែលបានចូលបច្ច័យ ក្នុងពិធីបុណ្យនេះ សូមអនុមោទនាយក កុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕