ស្ទឹងត្រែង៖ ក្រុមហ៊ុនម៉ៅការធ្វើផ្លូវនៅខេត្តស្ទឹងត្រែងចំនួន៤ មានក្រុមហ៊ុនផនប៊ុនថុង, ក្រុមហ៊ុនទ្រីវន្ថា, ក្រុមហ៊ុនទូសុខា និងក្រុមហ៊ុនម៉ាត់ហាសាន់ បានដាក់ពាក្យប្តឹងសុំកិច្ចអន្តរាគមន៍ទៅកាន់អភិបាលខេត្តស្ទឹងត្រែង ដោយក្រុមហ៊ុនទាំងនោះបានស្នើសុំឱ្យមានការចុះធ្វើអធិការកិច្ច និងស្នើសុំចាត់វិធានការផ្លូវតាមច្បាប់ ទៅលើឈ្មោះ ចាន់ សយ ជាមេឃុំសេកុង, ឈ្មោះ ស៊ិង ម៉ាន់ ជាមេឃុំស្រែសំបូរ, ឈ្មោះ កាន់ សាវុធ ជាជំនួយការបច្ចេកទេស និងជានាយករងទីចាត់ការផែនការនិងវិនិយោគខេត្តស្ទឹងត្រែង, ឈ្មោះ ម៉ៅ អេងជឺ ប្រធានក្រុមហ៊ុនសុធិរាជខន់ស្ត្រាក់សិន ដែលពួកគេទាំងនេះបានឃុបឃិតគ្នាជាប្រព័ន្ធរៀបចំផែនការបន្លំភ្នែកកិបកេងលុយរដ្ឋអស់ជាង៦០០លានរៀល ក្នុងការដេញថ្លៃលើគម្រោងសាងសង់ផ្លូវឃុំសេកុង និងគម្រោងជួសជុលផ្លូវឃុំស្រែសំបូរនៃស្រុកសៀមប៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ។
ចំពោះករណីមន្ត្រីឃុបឃិតគ្នាជាប្រព័ន្ធរៀបចំផែនការជាមួយក្រុមហ៊ុនសុធីរាជខន់ស្ត្រាក់សិនរបស់លោក ម៉ៅ អេងជឺ បានកិបកេងលុយរដ្ឋយ៉ាងសម្បើមដូច្នេះនោះ រដ្ឋបាលខេត្តស្ទឹងត្រែងគ្រោងនឹងចាត់វិធានការផ្លូវច្បាប់ ទៅលើក្រុមមន្ត្រី និងបក្ខពួកទាំងនោះហើយ ដោយប្រើអភិក្រមទី៥របស់សម្តេចតេជោ ហ៊ុន សែន គឺវះកាត់សាច់ស្អុយចេញ។ នេះបើយោងតាមលោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានប្រាប់អោយអ្នកយកព័ត៍មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
លោក ញ៉ែម វណ្ណយុត្តិ បានមានប្រសាសន៍ថា «ពុំមានជម្រើសអ្វីល្អជាងនេះទៀតទេ ត្រូវប្រើអភិក្រមទី៥របស់សម្តេចតេជោ គឺការវះកាត់សាច់ស្អុយចេញ ដើម្បីបញ្ចប់បញ្ហា!»។
សូមរំឭកថា កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ ឃុំសេកុង និងឃុំស្រែសំបូរ បានបើកដំណើរការដាក់ឱ្យដេញថ្លៃលើគម្រោងសាងសង់ផ្លូវដីស និងគម្រោងជួសជុលផ្លូវលំក្រួសក្រហម ដោយប្រើថវិកាមូលនិធិឃុំឆ្នាំ២០២៣ ចំណាយពុំមានតុល្យភាពរវាងផ្លូវ ហើយនិងថវិកាទាល់តែសោះ ពោលគឺចំណាយប្រាក់ច្រើន តែបានផ្លូវតិចហើយគ្មានគុណភាពថែមទៀតផង។
សូមបញ្ជាក់ថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣នោះ ឃុំសេកុងបានបើកដំណើរដាក់ឱ្យដេញថ្លៃជាសាធារណៈនូវផ្លូវដីសប្រវែង៤គីឡូម៉ែត្រអស់លុយ៣៤លានរៀល (គឺ១គ.ម.=៨,៥០០០,០០០រៀល)បានទៅលើក្រុមហ៊ុនសុធិរាជខន់ស្ត្រាក់សិនរបស់លោក ម៉ៅ អេងជឺ ។ចំណែកផ្លូវប្រវែង១១គីឡូម៉ែត្រផ្សេងទៀត គឺមិនបានដាក់ប្រកាសឱ្យដេញថ្លៃជាសាធារណៈនោះទេ ដោយលោកមេឃុំសេកុងឈ្មោះ ចាន់ សយ និងលោក កាន់ សាវុធ នាយករងទីចាត់ការផែនការហិរញ្ញវត្ថុខេត្ត និងជាអ្នកសម្របសម្រួលបច្ចេកទេស បានរួមគំនិតគប់គិតរៀបចំផែនការជាមួយក្រុមហ៊ុនសុធិរាជខន់ស្ត្រាក់សិនរបស់លោក ម៉ៅ អេងជឺ បានធ្វើផ្លូវបន្ថែមប្រវែង១១គ.ម.ខាងលើ ដោយចំណាយបំប៉ោងអស់ប្រាក់៤០៧,០០០,០០០រៀល (គឺ១គ.ម.=៣៧,០០០,០០០រៀល)ឯណោះ។
រីឯឃុំស្រែសំបូរវិញ ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ដដែល បានបើកដំណើរការប្រកាសដាក់ឱ្យដេញថ្លៃជាសាធារណៈ នូវគម្រោងកសាងផ្លូងក្រួសក្រហមប្រវែង២,៥គីឡូម៉ែត្រ និងធ្វើលូកាត់ផ្លូវ១កន្លែង ពេលនោះអ្នកដេញថ្លៃឈ្នះបានទៅលើក្រុមហ៊ុនផនប៊ុនថុង ក្នុងទឹកប្រាក់៣៧,៥១០,០០០រៀល ។ប៉ុន្តែលោកមេឃុំស្រែសំបូរ ស៊ិង ម៉ាន់ និងលោក កាន់ សាវុធ មន្ត្រីសម្របសម្រួលបច្ចេកទេស និងជានាយករងទីចាត់ការផែនការហិរញ្ញវត្ថុខេត្ត បានឃុបឃិតគ្នាកែលទ្ធផលទៅឱ្យក្រុមហ៊ុនសុធិរាជខន់ស្ត្រាក់សិន ជាអ្នកឈ្នះទៅវិញ ក្នុងទឹកប្រាក់បានកែ៣៩,០០០,០០០រៀលគត់ (គឺ១គ.ម.=១៥,៦០០,០០០រៀល មិនគិតលូ) ។បន្ទាប់ពីកែតម្លៃពីក្រុមហ៊ុនផនប៊ុនថុង ទៅឱ្យក្រុមហ៊ុនលោក ម៉ៅ អេងជឺ ឈ្នះ ក្រោយមកលោក ស៊ិង ម៉ាន់ លោក កាន់ សាវុធ និងលោក ម៉ៅ អេងជឺ បានឃុបឃិតគ្នារៀបចំផែនការធ្វើផ្លូវក្រួសក្រហម១ខ្សែផ្សេងទៀត ដោយមិនបានប្រកាសដាក់ឱ្យដេញថ្លៃជាសាធារណៈនោះទេ ប្រវែងផ្លូវ៧,៥គីឡូម៉ែត្រ ក្នុងតម្លៃបំប៉ោង ៣០៧,៥០០,០០០រៀល (គឺ១គ.ម.=៤១,០០០,០០០រៀល) ជាតម្លៃខ្ពស់ជាងពពក។
សូមរំឭកថា ករណីធ្វើផ្លូវឃុំ-សង្កាត់ តាមរយៈថវិកាមូលនិធិប្រចាំឆ្នាំឃុំ-សង្កាត់ ដែលបានកិបកេងចំណេញ បំប៉ោងតម្លៃ បន្លំបំបាត់លុយជាតិយ៉ាងសន្ធឹកសន្ធាប់ដូច្នេះ មិនមែនមានតែ២ឃុំខាងលើនោះទេនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល គឺនៅមានឃុំមួយចំនួនទៀតដូចជា ឃុំព្រែកមាស ឃុំថ្មកែវ ឃុំអូរស្វាយ ឃុំចំការលើ ឃុំកោះសំពាយ ឃុំអូរម្រះ ជាដើម។ ដូច្នេះស្នើសុំក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធជួយពិនិត្យឡើងវិញ ចំពោះករណីខាងលើនេះផង៕By:Mr SAMNEANG