ខេត្តមណ្ឌលគិរីៈនៅថ្ងៃទី៨សីហា២០២៣នេះឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការណ៍និងដឹកជញ្ចូនបានអញ្ជើញចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩៤ ដែលបានបាក់ស្រុតនាពេលកន្លងមក និងពិនិត្យស្ថានភាព និងការងារបច្ចេកទេសបន្ថែមផ្លូវវាង ត្រង់ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ថ្លែងនៅក្នុងបទសម្ភាស ជាមួយអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ បាតុភូតិនៃការរអិលបាក់ដីនេះ បណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នាច្រើន ដែល នាំឱ្យមានទឹកហូរច្រោះដាច់ដី ខាងក្រោមផ្លូវ ហើយបន្ទាប់ពីការពិនិត្យស្ថានភាពជាក់ស្តែង កំណាត់ផ្លូវនេះអាចនឹងត្រូវសិក្សាលើកគម្រោងជួសជុល ដោយមានពីរជម្រើសគឺ៖ (១) ជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និង (២) សិក្សាពិនិត្យលទ្ធភាព សាងសង់លើគន្លងផ្លូវវាងថ្មីនេះតែម្តង។ ជម្រើសក្នុងការជួសជុល នឹងពិនិត្យសម្រេច បន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិត និងស៊ីជម្រៅ ទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធ និងផ្នែកហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក។ ដោយឡែក នៅយប់ថ្ងៃទី០១ សីហា ២០២៣ កំណាត់ផ្លូវជាតិខាងលើ នៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី ចន្លោះ PK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែម នៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង១៦៦ម៉ែត្រ (រអិលបាក់ដី ៧០ម និងស្នាមប្រេះ៩៦ម)។
ដោយទទួលបានអនុសាសន៍ណែនាំពី ឯកឧត្តមទេសរដ្ឋមន្ត្រី និងមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំ ពីសំណាក់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រុមការងារអន្តរក្រសួង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ បានស្ថាបនាផ្លូវវាងប្រវែង ១ ០០០ម៉ែត្រ ជាបន្ទាន់ ដោយមានការឈូសឆាយ ចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ។ ហើយគិតត្រឹមថ្ងៃទី០៨ សីហានេះ ចរាចរណ៍ត្រូវបានតភ្ជាប់ឡើងវិញ អនុញ្ញាតិឱ្យមានការឆ្លងកាត់ជាបណ្តោះអាសន្នហើយ។
គួររម្លឹកដែរថា៖ ផ្លូវជាតិលេខ៧៦(ស្នួល – សែនមនោរម្យ) មាន ប្រវែង ១២៧គ.ម ជាប្រភេទផ្លូវDBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន CRBC ចំណាយថវិកាសាងសង់ចំនួន ៥១ ៩០០ ០០០ ដុល្លារអាមេរិក។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕SAMNEANG