ស្ទឹងត្រែងៈឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធផលនានា របស់រដ្ឋាករទឹកស្ទឹងត្រែង ដែលកើតចេញកិច្ចខិតខំប្រឹងប្រែងរួម ដែលបានបង្ហាញឲ្យឃើញអំពីរបត់ថ្មីនៃកំណែទម្រង់ជាប្រវត្តិសាស្ត្រមួយ ដោយពីមុនមានឈ្មោះថា អង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង ហើយបានប្រែក្លាយ ទៅជាសហគ្រាសសាធារណៈពេញលេញតាមផ្លូវច្បាប់។
ការថ្លែងបែបនេះ របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង និងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក ស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១២ខែ កក្កដា ឆ្នាំ២០២៣នេះ និងមាន ការចូលរួម ពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថោង ស្រ៊ាន់ អភិបាលខេត្តស្តីទី និង ប្រតិភូក្រសួង ឯកឧត្តម លោកជំទាវដែលជា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់នេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការពង្រឹងចីរភាពរបស់អង្គភាព, បង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងាររបស់អង្គភាពដោយភាពម្ចាស់ការ, កាត់បន្ថយការពឹងផ្អែកជំនួយហិរញ្ញវត្ថុពីថវិកាជាតិ, បង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ក្នុងការគ្រប់គ្រងធ្វើអាជីវកម្ម និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យធានាបាន គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។
យោងតាមអនុក្រឹត្យស្តីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង រាជរដ្ឋាភិបាលសម្រេចតែងតាំងលោក ប៊ុន ចាន់គង់ ជាអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង និងអនុក្រឹត្យស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្ទឹងត្រែង អាណត្តិទី១ រាជរដ្ឋាភិបាលសម្រេចតែងតាំងលោកបណ្ឌិត ជា វិសុទ្ធ ទីប្រឹក្សាក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន, លោក ប៊ុន បុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសមាជិក, លោក ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងម្ចាស់ភាគហ៊ុនជាសមាជិក, លោក ញ៉ែម សារី អភិបាលរងនៃគណ: អភិបាលខេត្តស្ទឹងត្រែង ជាសមាជិក និងលោក ប៊ុន ចាន់គង់ អគ្គនាយករដ្ឋាករទឹកស្ទឹងត្រែងជាសមាជិក៕ SAMNEANG