ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍រៀបចំពិធីប្រកាសចូលកាន់តំណែងអគ្គនាយក និងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្ទឹង​ត្រែង​!


ស្ទឹងត្រែងៈឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រ​ដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានសម្តែងនូវទឹក​ចិត្តសោមនស្សរីករាយ​ និងអបអរសាទរចំពោះសមិទ្ធផលនានា របស់រដ្ឋាករទឹកស្ទឹងត្រែង ​ដែលកើតចេញកិច្ចខិតខំប្រឹងប្រែង​រួម​ ដែលបានបង្ហាញឲ្យឃើញអំពីរបត់ថ្មីនៃកំណែទម្រង់​ជាប្រវត្តិសាស្ត្រមួយ ដោយពីមុនមានឈ្មោះថា អង្គភាពរដ្ឋាករទឹកខេត្ត​​ស្ទឹងត្រែង​ ហើយបានប្រែក្លាយ ទៅជាសហ​គ្រាស​សាធារណៈពេញលេញតាមផ្លូវច្បាប់​។
ការថ្លែងបែបនេះ របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកបានអញ្ជើញ​ ជាអធិបតី​ក្នុងពិធី​​ប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង​ និងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក ស្ទឹង​ត្រែង​ នៅសាលប្រជុំ​សាលាខេត្តស្ទឹងត្រែង​ នៅព្រឹកថ្ងៃទី​១២​ខែ​ កក្កដា​ ឆ្នាំ​២០២៣នេះ និងមាន ការចូលរួម ពីសំណាក់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថោង ស្រ៊ាន់ អភិបាលខេត្តស្តីទី និង ប្រតិភូក្រសួង ឯកឧត្តម លោកជំទាវដែលជា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់នេះ នឹងជះឥទ្ធិពលជាវិជ្ជមាន​ដល់ការពង្រឹងចីរភាពរបស់អង្គភាព, បង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងាររបស់អង្គភាពដោយភាពម្ចាស់ការ, កាត់បន្ថយការពឹងផ្អែកជំនួយ​ហិរញ្ញវត្ថុពីថវិកាជាតិ, បង្កើនការទទួលខុសត្រូវកាន់តែ​ខ្ពស់ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ក្នុងការគ្រប់គ្រងធ្វើអាជីវកម្ម និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យធានាបាន គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ស្របតាមគោលដៅ​របស់រាជរដ្ឋា​ភិ​បាល​។
យោងតាមអនុក្រឹត្យស្តីពីការតែងតាំងអគ្គនាយក​រដ្ឋាករទឹកស្ទឹងត្រែង​ រាជរដ្ឋាភិបាលសម្រេចតែងតាំងលោក ប៊ុន ចាន់គង់ ជាអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង និងអនុក្រឹត្យស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្ទឹងត្រែង​ អាណត្តិទី១ រាជរដ្ឋាភិបាលសម្រេចតែងតាំងលោក​បណ្ឌិត ​ជា វិសុទ្ធ​ ទីប្រឹក្សា​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្រ្តបច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាប្រធាន​, លោក​ ប៊ុន​ បុណ្ណា​រិទ្ធ​ អគ្គនាយក​រង ​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ​ និងចំណូលមិន​មែនសារពើពន្ធ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុជាសមាជិក​,​ លោក ហ៊ីវ​ សុវណ្ណ​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​តំណាង​ម្ចាស់ភាគហ៊ុន​ជាសមាជិក, ​លោក​ ញ៉ែម​ សារី​ អភិបាលរងនៃគណ:​ អភិបាលខេត្តស្ទឹងត្រែង​ ជាសមាជិក និងលោក​ ប៊ុន​ ចាន់​គង់ អគ្គនាយក​រដ្ឋាករទឹកស្ទឹងត្រែងជាសមាជិក​៕ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *