(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅយប់ទី២៣ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសតាមហ្វេសប៊ុកថា លោកមិនដែលស្គាល់បុគ្គលឈ្មោះ Rous Sarom នេះទេ តាំងពីដើមរៀងមក។
នៅលើបណ្ដាញសង្គម លោក សុខ លូ ក៏សូមគាំទ្រចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ដែលឱ្យមេធាវី ចេញលិខិតប្រកាស ជូនដំណឹងនិងចាត់ វិធានការលើបុគ្គល ឈ្មោះ Rous Sarom។
គួរជម្រាបជូនថា ការប្រកាសគាំទ្រលោកជំទាវ ហ៊ុន ស៊ីណាត របស់លោក អភិបាលខេត្តបាត់ ដំបងបន្ទាប់ពីលោកជំទាវប្រតិកម្មផ្ដាំទៅលោក សុខ លូ ថា លោកឯងដកស្កូវ យាយចាស់ច្រឡំ មនុស្សហើយ។
លោកជំទាវបាន លើកឡើងបែបនេះ ក្រោយសារសំឡេង ឆ្លើយឆ្លងគ្នារបស់លោក សុខ លូ ដែលនិយាយ របៀបសើចចំអក ដាក់លោកជំទាវត្រូវបាន បែកធ្លាយជាសាធារណៈជន។
ទន្ទឹមនឹង លោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មដាក់លោក សុខ លូ បែរជាមានបុគ្គលឈ្មោះ Rous Sarom បញ្ចេញសំណេរ វាយប្រហារទៅលើ លោកជំទាវ ហ៊ុន ស៊ីណាត ជាហេតុនាំឱ្យមេធាវី របស់លោកជំទាវ ចេញលិខិតព្រមាន ចាត់វិធានការតាម ផ្លូវច្បាប់។
គួរជម្រាបជូនថា ខាងក្រោមនេះ ជាខ្លឹមសារទាំង ស្រុងរបស់លោក សុខ លូ អភិបាលខេត្ត បាត់ដំបង៖
-ខ្ញុំបាទ សុខ លូ អភិបាលខេត្តបាត់ដំបង សូមប្រកាសថា ខ្ញុំបាទមិនដែលស្គាល់ បុគ្គលឈ្មោះ Rous Sarom នេះទេតាំង ពីដើមរៀងមក។
-ខ្ញុំបាទសូមបដិសេដ នូវការបង្ហោះFacebook របស់បុគ្គលនេះ ដែលប៉ះពាល់ចំពោះ លោកផែងវណ្ណ: ដែលជាអ្នកស្គាល់ និងរាប់អានគ្នាជាមួយខ្ញុំ។ ជាពិសេសប៉ះ ពាល់ដល់អ្នកមីង ហ៊ុន សុីណាត ដែលជាអ្នកម្តាយចិត្តធ៌ម ដែលខ្ញុំបាទបានស្គាល់ និងគោរពស្រលាញ់ ជាយូរមកហើយ។
-ខ្ញុំសូមគាំទ្រ លិខិតជូនដំណឹង របស់ក្រុមមេធាវី អេស អេន អេស ចុះថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣នេះ។