ស្ទឹងត្រែង៖ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ មន្ទីរកិច្ចការនារីខេត្តបានរៀបចំកិច្ចប្រចាំត្រីមាសទី៣ ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ ដើម្បីពិនិត្យពិភាក្សា លើការអនុវត្តការងារពាក់ព័ន្ធអំពើហិង្សាទាក់ទង នឹងយេនឌ័រ និងពិនិត្យដំណោះស្រាយនូវរាល់បញ្ហានានាដែលនៅសេសសល់ក្នុងឆមាសទី២កន្លងមក។
កិច្ចប្រជុំប្រជុំធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ គុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងជាប្រធានគកសកខេត្ត លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមានការចូលរួមពីសំណាក់អភិបាលរងក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន។
លោកជំទាវ គុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងជាប្រធានគកសកខេត្តបានមានប្រសាសន៍ថាកិច្ចប្រជុំនេះជាការស្វែងរកនូវដំណោះស្រាយល្អប្រសើរណាមួយ ក្នុងការទប់ស្កាត់ការរំលោភបំពាន ឬការប្រើប្រាស់អំពើរហិង្សាមកលើស្ត្រីគ្រប់រូបភាព និងពិនិត្យមើលឲ្យបានច្បាសលាស់អំពីការអនុវត្តការងារជាទូទៅរបស់ក្រុមការងារពហុវិស័យ ចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ ព្រមទាំងជាការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តប្រកបដោយ ប្រសិទ្ធភាព សម្រាប់ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹង យេនឌ័រនេះសម្រាប់ពេលខាងមុខបន្តទៀត។
លោកជំទាវ កុត ប៊ុនមី បានជំរុញដល់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រខេត្ត ត្រូវបន្តខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួម គាំពារ ទប់ស្កាត់អំពើ ហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រ គ្រប់ទម្រង់ដូចជាអំពើហិង្សា ក្នុងគ្រួសារ, ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារ និងស្វែងដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលាពិសេសស្ត្រីឬកុមារដែលមានជីវភាពក្សត់ខ្សោយក្រលំបាកគ្មានទីពឹង។
លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាកន្លងមកនេះមានបញ្ហាមួយចំនួនដែលមានការពាក់ព័ន្ធនិងការរំលោភបំពានលើស្ត្រីនិងកុមារ ដែលមន្ទីរក៏ដូចជាក្រុមការងារពាក់ព័ន្ធអំពើហិង្សាទាក់ទង នឹងយេនឌ័បានទទួល ព្រមទាំងបានចុះទៅដល់កន្លែងដើម្បីធ្វើការសួសុខទុក្ខនិងជួយស្វែងរកដំណោះស្រាយជូនឲ្យបានទាន់ពេលវេលា។
លោកស្រីបន្តថាសម្រាប់នៅថ្ងៃនេះរបៀបវិរៈសំខាន់ដែលក្រុមការងារនៅតែបន្តលើកឡើងពីបញ្ហារាំងស្ទះមួយចំនួន និងពិភាក្សាពីរបៀបនៃការដោះបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធនិងការការពារផ្នែកផ្លូវច្បាប់ ការស្វែងរកមេធាវីការពារ និងពិនិត្យមើលលើករណីថ្មីដែលបានកើតឡើង។
យោងទៅលើរបាយការនៃកិច្ចប្រជុំនៅត្រីមាសទី៣ឆ្នាំ២០២២នេះបានបង្ហាញថានៅក្នុងត្រីមាសទី៣នេះក្រុមការងារពហុវិស័យ ចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ ទទួលបានរបាយការណ៍ពាក់ព័ន្ធនិងអំពើហិង្សាលើស្ត្រីនិងកុមារចំនួនករណី ៤៨ ករណី ដោះស្រាយបាន ៣៩ ករណី និងបន្តការដោះ៩ករណី ក្នុងនោះករណីចាស់ ០១ករណី។
គួបញ្ជាក់ថានៅក្នុងឆមាសទី២កន្លងមកពហុវិស័យ ចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រទទួលបានរបាយការណ៍ពាក់ព័ន្ធនិងអំពើរហិង្សាលើស្ត្រីនិងកុមារបានចំនួនអំពើហិង្សាក្នុងគ្រួសារសរុបចំនួន ៥៨ ករណី ករណីថ្មី ៥៥ ករណី ករណីចាស់៣ករណី (ផ្លូវកាយ ២៣ករណី, ផ្លូវចិត្ត១៧ករណី, សេដ្ឋកិច្ច៩ករណី, រំលោភ៥ករណី)៕