សមិទ្ធផលថ្មី ការទូទាត់ឆ្លងដែន តាមឃ្យូអរកូត ដំណាក់កាលទី១ កម្ពុជា ជប៉ុន ចាប់ផ្តើមចេញដំណើរ

(ភ្នំពេញ)៖ ទីបំផុតធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេស​ជប៉ុន ព្រមទាំងសមាគម​ទូទាត់ជប៉ុន បានប្រកាសដាក់ឱ្យ ដំណើរការទូទាត់​ឆ្លងដែន តាមឃ្យូអរកូតដំណាក់កាលទី១ជាផ្លូវការ នៅក្នុង​ព្រឹត្តិការណ៍ ​​​​ពិព័រណ៍ពិភព​លោកឆ្នាំ២០២៥ (The World Expo 2025) នាទីក្រុងអូសាកា ប្រទេសជប៉ុន ។

នេះជា​សមិទ្ធផលថ្មី មួយទៀតក្នុងវិស័យធនាគារ វិស័យឌីជីថល​និងសម្រួលលំហូរ នៃការធ្វើ​ពាណិជ្ជកម្មនៃ រាជរដ្ឋាភិបាល ​នីតិកាល​ទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជា​អធិបតី ក្នុងពិធីដាក់ឱ្យ ដំណើរការជាផ្លូវការ​ ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូតដំណាក់កាលទី១ រវាងព្រះរាជា​ណាចក្រ​កម្ពុជា និងប្រទេសជប៉ុន នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រឹត្តការណ៍ ពិព័រណ៍​ពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេស​ជប៉ុន។

ការដាក់ឱ្យដំណើរការនេះ នឹងផ្ដល់លទ្ធភាព ឱ្យប្រជាជនកម្ពុជា ទទួលបាននូវបទ​ពិសោធន៍ នៃការទូទាត់​ឆ្លងដែន​ តាមឃ្យូអរ​កូតប្រកប ដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាមរយៈការប្រើប្រាស់ កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័ត ដើម្បីសេ្កនទូទាត់ថ្លៃ ទំនិញនិងសេវាជាមួយ JPQR របស់ពាណិជ្ជករ នៅប្រទេសជប៉ុន។ គម្រោងនេះឆ្លុះបញ្ចាំង ពីភាពជឿនលឿនរបស់កម្ពុជា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ​ ឌីជីថលសម្រាប់ប្រតិបត្តិការ​ឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើន​សេដ្ឋកិច្ចទៅវិញទៅមក។

សូមជម្រាបថា ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ស្តីពី “ការទូទាត់​ឆ្លងដែនតាមយ្យូអរកូត (Unified QR Code-Based Payment)” ដែលបានចុះ​ហត្ថលេខា​ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគម​ទូទាត់​ជប៉ុន បានចុះអនុស្សរណៈយោគយល់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់ការទូទាត់​ឆ្លងដែនតាម​ឃ្យូអរកូតរវាង KHOR និង JPQR។ តាមរយៈអនុស្សរណៈនេះ សមាគមទូទាត់ជប៉ុន ត្រូវបានជ្រើសរើសជា​ប្រតិបត្តិករ​គ្រប់គ្រងដំណើរការអនុវត្តគម្រោង។ ការណ៍នេះ បង្ហាញពីសមិទ្ធផលដ៏ សំខាន់នៃកិច្ច​សហប្រតិបត្តិការ ក្នុង​ការអភិវឌ្ឍប្រព័ន្ធទូទាត់ ជាឌីជីថលរវាងកម្ពុជា និងជប៉ុន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *