(ភ្នំពេញ)៖ នាល្ងាចដ៏សែនមនោរម្យ និងក្រោមម្លប់នៃសុខសន្តិភាព ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដ៏អស្ចារ្យនៃការអបអរសាទរ ខួបលើកទី១៧ ប្រាសាទព្រះវិហារត្រូវ បានដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥ ) ដែលនាំឱ្យកូនខ្មែរ គ្រប់រូបរំភើបចិត្ត រំជួលចិត្ត និងចងចាំ ចំពោះកេរដំណែលដ៏ វិចិត្ររបស់បុព្វបុរសខ្មែរនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានយកឱកាសដ៏ មហានក្ខត្តឬក្សវិសេសវិសាលនេះ អញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាល ជាមួយប្អូនៗ ជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន និងប្រទេសហុងគ្រី ចំនួន ៣៩រូប ក្នុងនោះរួមមានជ័យ លាភីអាហារូបករណ៍ ទៅសិក្សានៅប្រទេស (JDS) ចំនួន ២៣រូប (ស្រី១២រូប) និងជ័យលាភីអាហា រូបករណ៍ទៅសិក្សានៅ ប្រទេសហុងគ្រីចំនួន ១៦រូប (ស្រី៧រូប)។
ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះប្អូនៗ ជ័យលាភីអាហារូបករណ៍ នៅប្រទេសជប៉ុន និងប្រទេសហុងគ្រី មកកាន់ក្រសួងទេសចរណ៍ និងបានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភី ព្រមទាំងអរគុណចំពោះ ចំណាប់អារម្មណ៍ចង់ដឹង និងចង់ស្គាល់ក្រសួងទេសចរណ៍។
ថ្លែងក្នុងឱកាសដ៏ស្និទ្ធស្នាលនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីតួនាទី និងកាតព្វកិច្ចរបស់យុវជន ចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅបរទេស។ ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ប្រទេសកម្ពុជា ឱ្យពិភពលោកបានស្គាល់ និងតួនាទីរបស់យុវជន ពេលបញ្ចប់ការសិក្សា ចំពោះប្រទេសជាតិ។
ត្រឡប់មកវិញ ប្រកបដោយសុវត្ថិភាព មានសមត្ថភាព ក្នុងការរួមចំណែក ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស ទៅតាមជំនាញរៀងៗខ្លួន ក្នុងករណីប្អូនៗមានបញ្ហា ឬសំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសដែលប្អូនៗរស់នៅ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ឱ្យចូលរួមក្នុងកម្មវិធី ដែលស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសដែលប្អូនៗស្នាក់នៅសិក្សារៀនសូត្រ និងក្រុមការងារយុវជននៅទីនោះផងដែរ និងបានផ្តល់ជូនកាដូអនុស្សាវរីយ៍ មានស៊ដូចជា ប្រតិទិនក្រសួងទេសចរណ៍ flash USB និងសៀវភៅចំនួន ៣ក្បាល ក្នុងម្នាក់ៗ ដែលជាចំណងដៃរបស់លោករួមមាន៖ *ទី១៖ កំពូលស្ថាបនិក និងបីតាសន្តិភាពរបស់កម្ពុជា (សម្តេចតេជោ) *ទី២៖ ទឹកចិត្តអ្នកជួយសង្គ្រោះ (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) *ទី៣៖ កូនប្រុសច្បងដ៏មានឥទ្ធិពល (សម្តេចធិបតី)។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា សៀវភៅទាំងបីនេះ នឹងជាត្រីវិស័យដ៏សំខាន់ ដែលប្អូនៗអាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជាមូលដ្ឋាន ដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីការងារ ដែលប្អូនជ្រើសរើស ព្រមទាំងជូនពរថ្នាក់ដឹកនាំ និងប្អូនៗទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងការរៀនសូត្រ៕