(ភ្នំពេញ)៖ ទីបំផុតធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ព្រមទាំងសមាគមទូទាត់ជប៉ុន បានប្រកាសដាក់ឱ្យ ដំណើរការទូទាត់ឆ្លងដែន តាមឃ្យូអរកូតដំណាក់កាលទី១ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នាទីក្រុងអូសាកា ប្រទេសជប៉ុន ។
នេះជាសមិទ្ធផលថ្មី មួយទៀតក្នុងវិស័យធនាគារ វិស័យឌីជីថលនិងសម្រួលលំហូរ នៃការធ្វើពាណិជ្ជកម្មនៃ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យ ដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូតដំណាក់កាលទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រឹត្តការណ៍ ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
ការដាក់ឱ្យដំណើរការនេះ នឹងផ្ដល់លទ្ធភាព ឱ្យប្រជាជនកម្ពុជា ទទួលបាននូវបទពិសោធន៍ នៃការទូទាត់ឆ្លងដែន តាមឃ្យូអរកូតប្រកប ដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាមរយៈការប្រើប្រាស់ កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័ត ដើម្បីសេ្កនទូទាត់ថ្លៃ ទំនិញនិងសេវាជាមួយ JPQR របស់ពាណិជ្ជករ នៅប្រទេសជប៉ុន។ គម្រោងនេះឆ្លុះបញ្ចាំង ពីភាពជឿនលឿនរបស់កម្ពុជា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលសម្រាប់ប្រតិបត្តិការឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក។
សូមជម្រាបថា ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ស្តីពី “ការទូទាត់ឆ្លងដែនតាមយ្យូអរកូត (Unified QR Code-Based Payment)” ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈយោគយល់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR និង JPQR។ តាមរយៈអនុស្សរណៈនេះ សមាគមទូទាត់ជប៉ុន ត្រូវបានជ្រើសរើសជាប្រតិបត្តិករគ្រប់គ្រងដំណើរការអនុវត្តគម្រោង។ ការណ៍នេះ បង្ហាញពីសមិទ្ធផលដ៏ សំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ ជាឌីជីថលរវាងកម្ពុជា និងជប៉ុន៕