ប្រធានក្រុមការងារ ជំរុញឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផល កាន់តែប្រសើរ ថែមទៀត ស្របតាមគោល នយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ដោយមានអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ និងសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តត្បូងឃ្មុំ ក្រុងស្រុក ទូទាំងខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក នៃខេត្តត្បូងឃ្មុំ មន្ទីរអង្គភាពជុំវិញខេត្ត សាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំង ៣ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះមូលដ្ឋាន និងគណៈអភិបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មានសាមគ្គីភាពល្អជាមួយគ្នា និងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋ បានអនុវត្តភារកិច្ចយ៉ាងសកម្ម និងទទួលបានលទ្ធផល សំខាន់ៗក្នុងឆមាសទី១ ឆ្នាំ២០២៥ ដូចជា ការពង្រឹងការការពារសន្តិសុខ ការថែរក្សាសណ្តាប់ធ្នាប់បានល្អ ការផ្សព្វផ្សាយគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយ ភាពស្វាហាប់និងឈ្លាសវៃបំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្ត ទុកដាក់លើសុខទុក្ខ និងការចូលរួមដោះស្រាយបញ្ហាផ្សេងៗ ក្នុងសហគមន៍ជាដើម។

ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងជំរុញដល់ រដ្ឋបាលខេត្តត្បូងឃ្មុំ បន្តដោះបញ្ហា ប្រឈមជូនប្រជាពលរដ្ឋ  ដើម្បីឆ្ពោះទៅរកលទ្ធផល កាន់តែប្រសើរ ស្របតាមគោល នយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ «រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ត្រូវបន្តជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេស ចូលរួមជំរុញឱ្យមូលដ្ឋានស្អាត មានអនាម័យ ដែលផ្តល់សុខភាពល្អ ការរស់នៅស្អាត មូលដ្ឋានមានសោភ័ណភាពទាក់ទាញការចាប់អារម្មណ៍ បន្ថែមទៀតពីអ្នកទេសចរណ៍ និងអ្នកវិនិយោគទុននានា។ល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមក្នុងវេទិកា។

សូមបញ្ជាក់ថា ក្នុងឱកាសកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានពាំនាំការសួរសុខទុក្ខ នឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកា អង្គពិធីផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផល ប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *