ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បំផុសចលនាបរិស្ថាន តាមរយៈការជំរុញ ឱ្យប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួមដាំកូនឈើទាំងអស់គ្នា ចាប់ផ្តើមពីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់កូនឈើជានិមិត្តរូប ជូនដល់អភិបាលក្រុង ស្រុក ចំនួន៣ នៃខេត្តកំពង់ស្ពឺ ដើម្បីដាំលម្អសងខាងដងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តព្រះសីហនុ លើប្រវែង​​ផ្លូវប្រមាណ ៨១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលដើមឈើទាំងអស់ ជាប្រភេទកូនឈើ ចាន់គិរី ចំនួន ១៦,០០០ដើម។

ការប្រគល់កូនឈើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធី «ដាំកូនឈើតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ» ក្នុងគោលបំណង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមយុទ្ធ នាការសម្អាតបរិស្ថាន ស្របតាមផែនការ  យុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ សំដៅលើ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដើម្បីបណ្តុះផ្នត់គំនិតឱ្យ កាន់តែស្រលាញ់ដើមឈើ តាមរយៈការបង្កើន ការយល់ដឹងអំពី អត្ថប្រយោជន៍នៃព្រៃឈើ និងជាការចូលរួមដោយ ផ្ទាល់ក្នុងការដាំដើមឈើជាដើម។

នៅក្នុងពិធីចែកកូនឈើជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “សម្រាប់ការរៀបចំកម្មវិធីដាំកូនឈើនាពេលនេះ គឺជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្ត របស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន​ជាសកល ក្នុងនាមកម្ពុជា ជាប្រទេសមួយនៃសហគមន៍អន្តរជាតិ និងដើម្បីជំរុញឱ្យកម្ពុជា សម្បូរទៅដោយភាពបៃតង និង បង្កើនសោភ័ណ្ឌភាពនៅតាមដងវិថីផ្លូវជាតិលេខ៤ ឱ្យកាន់តែមានភាពស្រស់ស្អាត។ ជាពិសេស ជាឱកាសក្នុងការបង្ហាញនូវមនោសញ្ចេតនា និងស្មារតីរួមគ្នា ជាធ្លុងមួយ រួមគ្នាដើម្បីកំពង់ស្ពឺ ទាំងអស់គ្នាផងដែរ។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានយកឱកាសនេះ ថ្លែងអំណរគុណដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលរៀបចំកម្មវិធីនេះឡើង ដោយជឿជាក់ថា កម្មវិធីដាំកូនឈើនេះ បានផ្តល់ជាឱកាសដ៏ល្អ សម្រាប់ឱ្យយើងទាំងអស់គ្នា បានស្វែងយល់បន្ថែម អំពីសារៈសំខាន់របស់ព្រៃឈើ ធនធានធម្មជាតិ សម្រាប់ការរក្សាលំនឹងបរិស្ថាន និងការរួមចំណែកលើក កម្ពស់ដល់ផាសុខភាព ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាការផ្លាស់ប្តូរនូវ មុខមាត់ថ្មីរបស់ ខេត្តកំពង់ស្ពឺយើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *