ឯកឧត្តម ជា វុទ្ធី ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក លាវ គួយស៊ី (Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាង កក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវ សេចក្តីសោមនស្ស រីករាយដែលលោក លាវ គួយស៊ី បានដឹកនាំគណៈ ប្រតិភូមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាក្នុង ពេលវេលាមួយដ៏ សមស្របបំផុត និងបានថ្លែងអំណរ គុណដល់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលបានសហការ ជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិត ស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។

ឯកឧត្តមអគ្គលេខាធិការក៏បាន ជម្រាបជូនគណៈប្រតិភូពី ស្ថានភាពដ៏ល្អប្រសើរនៃ វិនិយោគនៅកម្ពុជា, របបលើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញ ក្រោមច្បាប់ស្តីពីវិនិយោគ ដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគ ក្នុងវិស័យអាទិភាពមួយចំនួន។

លោក លាវ គួយស៊ី បានថ្លែងអំណរគុណជូន ចំពោះឯកឧត្តមអគ្គលេខាធិការដែល បានចំណាយពេលវេលាដ៏ មានតម្លៃទទួល ជួបពិភាក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយ ក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។

លោក លាវ គួយស៊ី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅ កម្ពុជានាពេលនេះគឺ ក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)  ដោយមានតម្រូវការពង្រីក ខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំ ទ្រចំពោះគម្រោងពង្រីក ការវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យ ក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុង ការយកជ័រកៅស៊ូក្នុងស្រុកឱ្យ បានច្រើនជាអតិបរមាធ្វើ ជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះ ពាល់បរិស្ថានដែលបណ្តាលមកពី ដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *