ផ្លូវរថភ្លើងភ្ជាប់ពីរខ្សែ ចូលទៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នឹងត្រូវដកដែករ៉ៃចេញ នាពេលឆាប់ៗខាងមុខ

(ភ្នំពេញ)៖ ដោយមានការណែនាំ និងការយកចិត្ត ទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ឱ្យក្រុមការងារ បច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ  និងដឹកជញ្ជូន ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ , អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន Royal Railway Cambodia (RRC) ចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីរខ្សែ ផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

តាមឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ បញ្ជាក់នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រុមហ៊ុន Royal Railway Cambodia  ធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញ ស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។

មន្ត្រីជាន់ខពស់ខាងលើ បានបន្តថា ក្រុមការងារនឹងសហការ គ្នាទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យការងារនេះ ចប់រួចរាល់ឆាប់បំផុត ដើម្បីធានានូវសុវត្ថិភាព របស់ប្រជាពលរដ្ឋធ្វើ ចរាចរណ៍តាមដងផ្លូវនេះ។

តាមឯកឧត្តម ផន រឹម ក្រុមការងារបានចុះពិនិត្យទីតាំង ផ្លូវឆ្លងកាត់ផ្លូវរថភ្លើង ដែលមានគ្រោះថ្នាក់ ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway Cambodia បានឯកភាពធ្វើ ការកែសម្រួលជម្រាល ចំណោតផ្លូវឆ្លងកាត់ផ្លូវដែក ទាំងពីរទីតាំង ឱ្យកាន់តែល្អប្រសើរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *