(ខេត្តបាត់ដំបង)៖ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជា អធិបតីក្នុងពិធីកាត់ខ្សែបូ បើកដំណើរការជាផ្លូវការ នូវព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបងឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើង នៅបរិវេណខាងមុខ អគារសាលាខេត្តចាស់។
មានប្រសាសន៍ក្នុង ឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការរៀបចំ ព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីរៀបចំឱ្យបងប្អូន អ្នកដាំបន្លែផ្លែឈើនិង ដំណាំផ្សេងៗបានយកមក តាំងបង្ហាញ និងលក់ដូរ។
ឯកឧត្តម សុខ លូ បានបង្ហើបពីគោលបំណង រៀបចំឱ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផល អ្នកបាត់ដំបងនៅតាម រដូវកាលនៅថ្ងៃអនាគត។
ឯកឧត្តម សុខ លូ បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ផ្លែឈើនេះនឹង នាំមកនូវក្ដីសប្បាយរីករាយជូន ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចំការ បានលក់ដូរបន្លែផ្លែឈើ និងផលិតផលរបស់ខ្លួន។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះមានការ តាំងលក់ផលិតផលភូមិ១ ផលិតផល១ ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធ សឹងជាស្នាដៃអ្នកបាត់ដំបង រួមជាមួយនឹងស្តង់លក់ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើន ប្រភេទដែលដាំដុះក្នុងខេត្ត។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានរៀបចំឱ្យមានប៊ូហ្វេទុរេន បាត់ដំបងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងរោង ម៉ាស៊ីនត្រជាក់ដោយ បន្ថែមផ្លែឈើផ្សេងទៀតដូចជា មង្ឃុត សាវម៉ាវ និងផ្ដល់ជូនទឹកសុទ្ធ ដោយមិនគិតថ្លៃហើយ សម្រាប់ទុរេនគឺបកផ្ទាល់ ដោយម្ចាស់ចម្ការ៕