(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីព ក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនា កម្ពុជានៅរដូវកាលបៃតង» ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងនិស្សិតកំពុងសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធក្នុងការងារដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកាលានុវត្តភាពថ្មីៗក្នុងការចាប់យកអាជីព ក្នុងវិស័យទេសចរណ៍ ព្រមទាំងការជំរុញការអនុវត្ត យុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង។
ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួម ពីឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ លោក លោកស្រីគណៈគ្រប់គ្រង ព្រឹទ្ធបុរសមហាវិទ្យាល័យ សាស្ត្រាចារ្យ និងប្អូនៗនិស្សិតទាំងអស់ សរុបប្រមាណ ៣០០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តនិស្សិតទាំងអស់ គិតវិជ្ជមាន និយាយវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយព័ត៌មាន ពិតនិងវិជ្ជមាន ដើម្បីចូលរួមលើក ស្ទួយវិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជានៅ លើឆាកអន្តរជាតិ។ ជាមួយគ្នានេះ និស្សិតត្រូវរក្សាសុខភាព រក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ មានសីលធម៌ និងគុណធម៌ ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស និង ត្រៀមខ្លួនចាប់យកឱកាសអាជីព ការងារជាច្រើននៅក្នុង វិស័យទេសចរណ៍។