(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គឺជាគណបក្ស នយោបាយតែមួយគត់ ដែលបានដើរតួនាទី ស្នូលក្នុងការការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងជាមួយពួកឈ្លានពាន នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើន, ដូច្នេះហើយគ្មានគណបក្ស ណាមួយអាចមកជំនួស តួនាទីគណបក្សប្រជាជនកម្ពុជា បានឡើយនេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងសមាជិក សមាជិកាគណបក្សប្រមាណ ១ ២០០នាក់ ។
ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំ រឹងមាំ មានបទពិសោធន៍ មានរចនាសម្ព័ន្ធរឹងមាំ និងមានជំនឿជឿជាក់ពីប្រជាជន ។ ដូច្នេះហើយ នៅរាល់ពេលមានការបោះឆ្នោត សម្លេងរបស់គណបក្សប្រជាជនកម្ពុជា តែងតែមានការកើនឡើង ហើយជំនឿទុកចិត្តរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្សកើនឡើងជាបន្តបន្ទាប់ ដែលនេះបង្ហាញពីភាពជឿជាក់ថា មានតែគណបក្សប្រជាជនទេដែល ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន។
ឯកឧត្តម បានគូសបញ្ជាក់ដែរថា គណបក្សប្រជាជនបាន ឈរជើងយ៉ាងរឹងមាំ គឺបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ត្រៀមដឹកនាំប្រទេស មួយជីវិតគណបក្សប្រជាជន ។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារ ភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបខ្មែរក្រហម ហើយចាប់តាំងពីឆ្នាំ១៩៧៩ គណបក្សប្រជាជន បានដើរតួនាទីយ៉ាងសំខាន់ដែលដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ហើយដៃម្ខាងទៀតគឺប្រើប្រាស់ដើម្បីស្ថារ និងកសាងនូវខឿនសេដ្ឋកិច្ចជាតិឡើងវិញ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំង ពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។
បន្ថែមពីនេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយនៅក្នុង ដំណាក់កាលប្រទេសកម្ពុជា ទទួលបានសុខ សន្តិភាពពេញលេញនេះ គណបក្សប្រជាជនកម្ពុជា មិនបានបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនោះទេ។ ពោលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែល នៅមួយប្រជាជន បង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវចក្ខុវិស័យ របស់ខ្លួនដែលឆ្លើយតបទាំងស្រុង ទៅនឹងបំណង់ប្រាថ្នា របស់ប្រជាជន គឺប្រមូលផ្ដុំកម្លាំងប្រជាជាតិ ខ្មែរទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយក្រោម ដំបូងរដ្ឋធមនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិឲ្យ បានសម្បូររុងរឿង និងស្ថិតស្ថេរគង់វង្សក្នុង ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ប្រជាជនមានជីវភាពសមរម្យ ថ្លៃថ្នូរ ដែលចាក់ផុតពីភាពក្រីក្រ គ្រោះអវិជ្ជាជំងឺតម្កាត់នានា និងអំពើហិង្សា ហើយរួមរស់នៅជាមួយគ្នា ដោយសុខុដុមរមនាទាំងក្នុង គ្រួសារទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិ។
ឯកឧត្ដម វ៉ា ថន ប្រធាន គណៈកម្មាធិការ គណបក្ស ប្រជាជន កម្ពុជា ខេត្ត ក្រចេះ បានអាននូវសន្ទរថារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ថា ការប្រារព្ធមីទ្ទីញអបអរ សាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹង គុណដល់វីរភាពរបស់ វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារ ប្រទេសបូរណភាពទឹកដី។ គណបក្សប្រជាជន កម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មានគោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ គ្រប់ដំណាក់កាលលំបាក គណបក្សប្រជាជន កម្ពុជាតែងតែនៅជាមួយ ប្រជាជនគ្រប់ កាលៈទេសៈទាំងក្នុងអតីត កាលនិងបច្ចុប្បន្ន យើងបានរួមគ្នារំដោះសង្គ្រោះជីវិត ប្រជាពលចេញពីរបប វាលពិឃាត ប្រល័យពូជសាសន៍ ប៉ុល ពត, រួមគ្នាសង្គ្រោះជីវិត ប្រជាពលរដ្ឋពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកូវីដ-១៩ និងការរួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា។ គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ លើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ៕