ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កោតសរសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្ម នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា  ក្នុងភារកិច្ចជា អគ្គមគ្គុទេសក៍ដឹកនាំ ប្រទេសប្រកបដោយ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យ ជាតិដ៏ឧត្តុង្គឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមខ្លឹមសារលិខិតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានហឫទ័យសោមនស្ស រីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញ បំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចុះសួរសុខទុក្ខនិង នាំយកអំណោយជូន ដល់វីរៈកងទ័ព និងប្រជារាស្រ្តដែលបានជម្លៀស ចេញពីតំបន់ប្រឈមតាម ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ២០២៥ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជ បណ្ដាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ ជ្រាលជ្រៅអំពីសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាក្សត្រ ជូនដល់វីរ កងទ័ពដែលកំពុងបំពេញ បេសកកម្មប្រចាំការនៅ សមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា និងប្រជារាស្រ្តដែលបានជម្លៀស មកស្នាក់នៅទីសុវត្ថិភាព។

នៅក្នុងព្រះរាជសារលិខិតនោះដែរ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវហឫទ័យ គាំទ្រទាំងស្រុង និងមានជំនឿជឿជាក់ យ៉ាងមុតមាំក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឆ្នើ មឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ ទទួលបាននូវភាពល្បី រន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *