កសិករស្រុកបន្ទាយមាស ចង់ឲ្យមានការបង្កើតជា សហគមន៍ដើម្បីទទួលបានបច្ចេកទេស និងទីផ្សារល្អ

(ខេត្តកំពត)៖ ប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពតបានបញ្ជាក់ថា ប្រជាពលរដ្ឋមេគ្រួសារ ភាគច្រើបង្កបង្កើតផលស្រូវអ៊ីអ៊ែរ ដើម្បីលក់ទៅវៀតណាម ហើយ១ឆ្នាំធ្វើបាន២ទៅ៣ដង ខណៈដែលទិន្នផលស្រូវបាន៦តោនក្នុង១ហិកតា។ ពួកគាត់ថាការធ្វើស្រែ បច្ចុប្បន្នមិនពិបាកទេ ពិបាកតែរឿងទីផ្សារមិននឹងន។ កសិករចង់ឲ្យ បង្កើតជាសហគមន៍ដើម្បី ទទួលបានទាំងបច្ចេកទេស និងទីផ្សារស្រូវល្អ។

កសិករធ្វើស្រែនៅភូមិព្រែឫស្សី ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស លោក នុត ហាន បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ថា ប្រជាពលរដ្ឋដែលជា មេគ្រួសារនៅស្រុកបន្ទាយមាស ភាគច្រើនប្រកបរបរធ្វើស្រែ  ចំណែកក្មេងៗដែល ជាកូនចៅជំនាន់ក្រោយ គេសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ធ្វើការងារជាមន្ត្រីរាជការ អ្នកខ្លះជាបុគ្គលិកក្រុមហ៊ុនផ្សេងៗ មានប្រាក់ខែសមរម្យ។ ដោយឡែករូបលោកឆ្នាំនេះ បានធ្វើស្រែជាង៥ហិកតា សម្រាប់លក់ឲ្យវៀតណាម។

កសិកររូបនោះបានបន្តថា គាត់ធ្វើតែស្រែ តែអាចចិញ្ចឹមកូនឲ្យរៀនចប់ ហើយទទួលការងារជាមន្ត្រីរាជការបីបួននាក់ហើយ។ ហើយបើសិនស្រូវមានទីផ្សាល្អ នឹងន រូបគាត់ និងពលរដ្ឋស្រុកបន្ទាយមាស ក៏នឹងមានជីវភាពប្រសើរថែមទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ គាត់ចង់ចេះបច្ចេកទេសថ្មីៗ ដើម្បីបង្កបង្កើតស្រូវឲ្យបានផលកាន់តែច្រើន ខណៈដែលទិន្នផលរាល់ឆ្នាំ ក្នុង១ហិកតាបានប្រមាណ៦តោន។

ចំណែក កសិកររស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត លោក តេន សុខ បានបញ្ជាក់ដែរថា អ្នកធ្វើស្រែនៅស្រុកបន្ទាយមាស រាល់ថ្ងៃពិបាកតែរឿងតម្លៃទីផ្សារ គឺទីផ្សារស្រេចតែមាត់របស់ឈ្មួញកណ្តាល។ លោកថាបើអាចស្នើសុំ ឲ្យបង្កើតជាសហគមន៍ដើម្បីឲ្យ ពលរដ្ឋទទួលបានបច្ចេកទេសថ្មី និងមានតម្លៃទីផ្សារល្អ។

ប្រធានការិយាល័យ កសិកម្មស្រុកបន្ទាយមាស លោក គឹម វណ្ណី បានប្រាប់ឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥  ស្រូវវស្សាអនុវត្តន៍បាន ២៨ ៧១០ ហិកតា ស្មើរ ៨៣,៦៧ % នៃផែនការដាំដុះ៣៤ ៣១៣ហិកតា។ ក្នុងនោះស្រូវស្រាលដើមរដូវ អនុវត្តន៍បាន ៧៣២០ ហិកតា, ស្រូវកណ្តាល អនុវត្តន៍បាន ១០ ២៤៣ ហិកតា  ស្រូវធ្ងន់អនុវត្តន៍បាន ១១ ១៤៧ ហិកតា៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *