(ខេត្តកំពត)៖ កសិកររស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បានលើកឡើងថា ពួកគាត់បានចិញ្ចឹម ប្រចៀវតាំងពីអំឡុងឆ្នាំ១៩៩០មកម្ល៉េះ គ្រួសារខ្លះមានចិញ្ចឹម រហូតដល់៤ទៅ៥សំបុក។ ការចិញ្ចឹមប្រចៀវងាយ ហើយអាចរកប្រាក់ ចំណូលបន្ថែមបានគួរសម ដោយ១សំបុក អាចប្រមូលលាមកលក់បាន ២០ទៅ៣០ម៉ឺនក្នុងមួយខែ។ អ្នកប្រមូលទិញអាចម៍ប្រចៀវថា បើមានតម្រូវការត្រឹម១ថ្ងៃ១តោន គាត់អាចរកទិញឲ្យបាន។
លោក តេន សុខ កសិកររស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពតបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា ការចិញ្ចឹមប្រចៀវគ្មានអ្វីពិបាកទេ ឲ្យតែចេះធ្វើតែសំបុកឲ្យវានៅ ជាការស្រេច។ ហើយក្នុង១ថ្ងៃគាត់អាចលក់ អាច់ម៍ប្រចៀវបាន ២ទៅ៣ម៉ឺនរៀលដែរ សម្រាប់រួចថ្លៃម្ហូប និងតម្រូវការនាយអាយក្នុងជីវភាពប្រចាំថ្ងៃ។
អ្នកចិញ្ចឹម និងប្រមូលទិញលាមកសត្វប្រចៀវ នៅភូមិឃុំពោធិ៍ ឃុំបន្ទាយមាសខាងកើត អ្នកស្រី ឈឹម សៀប បានប្រាប់ឲ្យដឹងដែរថា ការចិញ្ចឹមសត្វប្រចៀវ អាចធ្វើឲ្យគ្រួសារគាត់មាន ជីវភាពល្អប្រសើរឡើង។ ជាទូទៅប្រចៀវ១សំបុក (ប្រើស្លឹកត្នោត ប្រមាណ២០០ធាង) អាចផ្តល់ចំណូលបាន ពី២០ទៅ៣០ម៉ឺនក្នុងមួយខែ។
ប្រធានការិយាល័យ កសិកម្មស្រុកបន្ទាយមាស លោក គឹម វណ្ណី បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃដដែលថា ស្រុកបន្ទាយមាស មានកសិករ២ឃុំ ចិញ្ចឹមសត្វប្រចៀវច្រើន គឺឃុំបន្ទាយមាសខាងកើត និងឃុំត្នោតចុងស្រង់។ ហើយស្រុកក៏មាន សហគមន៍តំបន់ការពារធម្មជាតិ “សត្វប្រចៀវភ្នំគៀនជុំព្រះគុហារហ្លួង” នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិចមួយកន្លែងទៀត ដែលអាចប្រមូល អាចម៍ប្រចៀវបាន ចន្លោះពី ៤០ ទៅ៥០ធុង(ធុងថ្នាំពណ៌លាបផ្ទះ) ក្នុងមួយថ្ងៃៗ៕ សេង ណារិទ្ធ