ប្រធានសហគមន៍លើក ទឹកចិត្តពលរដ្ឋឲ្យ បង្កើនការដាំបន្លែ វិលជុំនិងចងក្រងជាបណ្តុំ ដើម្បីមានទីផ្សារល្អ….

(ខេត្តកំពត)៖ ស្របពេលដែលច្រកទ្វារព្រំដែន កម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន ប្រធានបណ្តុំបន្លែសុវត្ថិភាព នៅសហគមន៍ព្រៃតាព្រឹក សាមគ្គីមានជ័យ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានលើកទឹកចិត្ត ប្រជាពលរដ្ឋឲ្យរួមគ្នាបង្កើន ការដាំដុះបន្លែលក្ខណៈវិលជុំ និងចងក្រង់ជាបណ្តុំដើម្បី មានទីផ្សារល្អ ពិសេសសូម កុំព្យាយាមធ្វើចំណាកស្រុក។

លោក យឹម បុណ្យ ប្រធានបណ្តុំបន្លែ សុវត្ថិភាពសហគមន៍ ព្រៃតាព្រឹកសាមគ្គីមានជ័យ ស្ថិតនៅភូមិព្រៃតាព្រឹក  ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា ដោយឆ្លងកាត់បទពិសោធន៍ ដាំបន្លែចម្រុះវិលជុំជាច្រើនឆ្នាំ លោកមានបច្ចេកទេស គ្រប់គ្រាន់ដើម្បីជួយដល់ បងប្អូនប្រជាពលរដ្ឋ ដែលចង់ដាំបន្លែ ទាំងនៅខាងក្រៅ និងក្នុងផ្ទះសំណាញ់ ពិសេសការដាំបន្លែ សុវត្ថិភាពវិលជុំ ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃ រក្សាជីវជាតិដី និងកាត់បន្ថយសត្វល្អិតចង្រៃ។

ប្រធានបណ្តុំបន្លែសុវត្ថិភាពរូបនោះ បានបន្ថែមថាដើម្បីលើក កម្ពស់ការដាំដុះបន្លែ និងឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ខណៈដែលច្រកទ្វារព្រំដែន កម្ពុជា-ថៃ ត្រូវបានបិទជា បណ្តោះអាសន្ន គ្មានការនាំចូលបន្លែពីប្រទេសថៃនោះ លោកមានគម្រោង ពង្រឹងសហគមន៍ឲ្យកាន់តែ ប្រសើរតាមរយៈការដាំបន្លែ ប្រវាស់ដៃគ្នា (អ្នកខ្លាំង ជួយអ្នកខ្សោយ ឬ អ្នកមាន ជួយអ្នកមិនសូវមាន) ដើម្បីអាចឈានទៅ ពង្រីកសមាជិកបន្ថែមផងដែរ ប៉ុន្តែវាក៏អាស្រ័យទៅលើការ ជួយជ្រោមជ្រែកផ្នែក ថវិកាគម្រោងផងដែរ។

លោកប្រធានបណ្តុំបន្លែ សុវត្ថិភាពនៅសហគមន៍ ព្រៃតាព្រឹកសាមគ្គីមានជ័យ ក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខិតខំប្រឹងប្រែងធ្វើកសិកម្ម ដាំបន្លែ និងចិញ្ចឹមសត្វផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាព ហើយសូមកុំព្យាយាមធ្វើចំណាកស្រុក។

សូមបញ្ជាក់ថា សហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យ មានសមាជិក១២១គ្រួសារ ក្នុងនោះមានអ្នកចិញ្ចឹមសត្វភាគច្រើន ហើយអ្នកដាំបន្លែប្រហែល៣០គ្រួសារប៉ុណ្ណោះ ដោយសារកង្វះដើមទុន៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *