(ខេត្តព្រះវិហា)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងនៅខ្សែត្រៀម ជួរមុខការពារបូរណភាព ទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបបាច់មួយចំនួន និងថវិកាចំនួន ៥០លានរៀលផងដែរ។
នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណនូវការកោតសរសើរ ចំពោះការលះបង់ របស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់នូវ សេចក្ដីសុខរបស់ខ្លួនដើម្បី ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាន ពីសំណាក់កងទ័ពបរទេស មកលើដែនអធិបតេយ្យ ភាពរបស់កម្ពុជា ដែលបានផ្ដល់សេចក្ដីសុខ ឱ្យប្រជាជន ប្រសិនបើគ្មាន កងកម្លាំងប្រដាប់អាវុធឈរជើងដ៏ អង់អាចប្រឆាំងនឹងជនឈ្លានពាន ច្បាស់ណាស់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នឹងមិនអាចអង្គុយធ្វើការស្រួលនោះទេ។ ទាំងនេះ គឺជាទឹកចិត្ដមួយដែល ប្រជាពលរដ្ឋកម្ពុជាទាំងអស់ មិនអាចបំភ្លេចបានឡើង។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ បង្រួបបង្រួម ផ្សះផ្សារជាតិ តាមរយៈការដាក់ចេញ គោលនយោបាយឈ្នះឈ្នះ រហូតធ្វើឱ្យប្រទេសកម្ពុជា បានបិទបញ្ចប់ភ្លើង សង្គ្រាមស៉ីវិលទាំងស្រុង បញ្ចប់អង្គការចាត់តាំង យោធាខ្មែរក្រហមនៅឆ្នាំ១៩៩៨។ ត្រង់ចំណុចនេះហើយ បទពិសោធន៍របស់ កម្ពុជាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ដំណាក់កាលដែលកម្ពុជា និងថៃ បានច្បាំងគ្នានៅតាមបន្ទាត់ព្រំដែន គឺបានស្តែងយ៉ាងច្បាស់ពីយុទ្ធវិធី ទេពកោសល្យ និងការដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា បន្ទាប់ពីទាហានឈ្លានពាន បានលួចឆ្មក់មកបាញ់ ប្រហារបណ្តាឱ្យកងទ័ព កម្ពុជាយើងម្នាក់បានពលី នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ ពោលគឺកម្ពុជា បានប្រើប្រាស់យុទ្ធវិធីសន្តិភាព តាមរយៈការបញ្ជូនពាក្យបណ្តឹង ទៅអង្គការយុត្តិធម៌អន្តរជាតិ ICJ ព្រមទាំងប្រើប្រាស់វិធីការពារខ្លួន, ការទូត ការត្រៀមកម្លាំងជាប់ជានិច្ច ដើម្បីការពារកងទ័ពឈ្លាន ពានមករំលោភទឹកដែលអធិបតេយ្យភាព បូរណភាពទឹកដី និងការប្រើប្រាស់សរភូមិពព័ត៌មាន ដើម្បីវាយបកទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញលើស្មារតី សតិអារម្មណ៍។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនកម្ពុជា សូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរភាព និងការលះបង់របស់ កងទ័ពជួរមុខក្នុងការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ យើងខ្ញុំឈរនៅពីក្រោយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។ ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ មិនត្រឹមតែដើម្បីនាំយកនូវជំនួយឧបត្ថម្ភមកជូនកងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល»។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អះអាងថា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺនៅឈរពីក្រោយខ្នង លើកទឹកចិត្តនិងជួយឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងជូនដល់ បងប្អូនកងកម្លាំងនៅជួរមុខជានិច្ច ពោលគឺមិនឈរឱបដៃ មើលពីការលំបាកណា មួយជាដាច់ខាត។ ខណៈប្រជាពលរដ្ឋជាច្រើន ដែលប្រើប្រាស់បណ្តាញ នាក់ទំនងសង្គម គឺបានចូលរួមជាមួយ កងកម្លាំងជួរមុខ តាមរយៈការលើកទឹកចិត្ត បើទោះបីជាពួកគាត់ មិនបានមកចូលរួមក្នុង ទីលានផ្ទាល់ក៏ដោយ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាបង្គោលដ៏រឹងមាំ ឈរជាមួយកងទ័ពនៅជួរមុខដ៏មានភាពអង់អាចក្លាហាន ការរួមគ្នាសាមគ្គីភាពជាធ្លុងមួយប្រឆាំងនឹងជនឈ្លានពានទាំងឡាយ។ ដូច្នេះ បងប្អូនកងទ័ព ពិតជាមានកម្លាំងចិត្ដ ពីព្រោះមានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឈរពីក្រោយជាបង្អែកដ៏រឹងមាំផ្ដល់នូវការគាំពារ ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។
នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរចុះសួរសុខទុក និងការឧត្ថម្ភគាំទ្រទាំងនេះដោយលើកឡើងថា នេះជាការផ្តល់កម្លាំងចិត្ត ក្នុងពេលវេលាដ៏សំខាន់ ខណៈដែលកងទ័ពជួរ មុខកំពុងបំពេញកាតព្វកិច្ច ក្នុងបុព្វហេតុការពារទឹកដី ក្រោមស្ថានភាពតានតឹងនៅតាម បន្ទាត់ព្រំដែនកម្ពុជា និងថៃ៕