(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ជុំវិញតម្លៃផ្លែឈើ បន្លែ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ត្រូវបានលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់វិធានការ ជាយន្តការមួយ ដើម្បីឱ្យក្រុមការងារ ពិសេសខេត្តដែលជាប់ព្រំដែន ធ្វើការតាមដានតម្លៃទំនិញជាប្រចាំ ហើយឱ្យបានម៉ត់ចត់ជាទីបំផុត ដើម្បីធានាឱ្យមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃសមរម្យទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗទៀត។
ការថ្លែងបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្មខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្ដៅ នៃបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ កំពុងឈានដល់ការបិទ ច្រកព្រំដែនជាឯកតោភាគី ពីសំណាក់ភាគីថៃទាំងស្រុង ។
ជុំវិញការបិទច្រកជា ឯកតោភាគីរបស់ថៃនេះ ត្រូវបាន ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈរួចហើយ ជាពិសេសបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ លើការធានាឱ្យមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃសមរម្យទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗទៀត ។
ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងថា ជុំវិញតម្លៃផ្លែឈើ បន្លែ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដាក់ ជាយន្តការមួយដើម្បីឱ្យក្រុមការងារ ពិសេសខេត្តដែលជាប់ព្រំដែនធ្វើការតាមដានតម្លៃទំនិញទាំងអស់នោះ ជាប្រចាំហើយឱ្យបានម៉ត់ចត់ជាទីបំផុត។ បើកន្លែងណាមានការឡើងថ្លៃក្រសួងនឹងធ្វើអន្តរាគមន៍ តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យទីផ្សារមានស្ថិរភាព។
ឯកឧត្តមបានបន្តថា ចំពោះបញ្ហាប្រេងឥន្ធនៈ មានការឡើងថ្លៃបន្តិចទាំងប្រេងម៉ាស៊ូត និងសាំង ប៉ុន្ដែការកើនឡើងនេះ គឺជាការប្រែប្រួលតម្លៃប្រេងអន្តរជាតិ មិនមែនដោយសារការ បិទការនាំចូលប្រេងឥន្ធនៈ ពីប្រទេសថៃនោះទេ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា តម្លៃដែលកើននេះមិនមែន អាស្រ័យលើការបិទមិនទទួលទិញ ឬក៏បិទមិនឱ្យនាំចូល ប្រេងឥន្ធនៈពីថៃនោះទេ ប៉ុន្ដែផ្អែកតាមការគណនាទៅតា មថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ខណៈបច្ចុប្បន្ននេះប្រេងឆៅ បានឡើងថ្លៃប្រហាក់ប្រហែល ៧៧ ឬ៧៨ដុល្លារ ក្នុងមួយបារ៉ែល ដូច្នេះបើប្រេងឆៅឡើងថ្លៃនោះ ប្រេងចម្រាញ់រួចក៏ត្រូវឡើងថ្លៃដូចគ្នា ។
ដោយឡែកប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ទាំងអាជីវករ និងអ្នកទិញបានលើកឡើងថា សព្វថ្ងៃនេះតាមការមើលឃើញជាក់ស្តែង ទាំងរបស់របរប្រើប្រាស់ ការស្លៀកពាក់ សម្ភារៈផ្សេងៗ និងហូបចុកជាដើម គឺមានច្រើនសន្ធឹកសន្ធាប់ណាស់ មិនមានការខ្វះខាតអ្វីឡើយ។ ក្នុងឱកាសនោះប្រជាពលរដ្ឋ បានលើកទឹកចិត្តដល់ កងទ័ពជួរមុខទាំងអស់ សូមបំពេញការងារប្រកប ដោយភាពជោគជ័យគ្រប់ភារ កិច្ចនិងបានអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ផ្តល់ ការទុកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសឈាន ទៅរកភាពរីកចម្រើន និងសន្តិភាពទាំងអស់គ្នា៕