(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត រួមទាំងអាជ្ញាធរ ចុះត្រួតពិនិត្យ ការស្ថាបនាផ្លូវចំនួន ២ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ដែលសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group។
ផ្លូវទាំងពីរខ្សែនោះរួមមាន ខ្សែទី១ មានប្រវែង ៩,៦២គីឡូម៉ែត្រ រួមមានសំណង់សិល្បការ្យ លូមូលចំនួន ២២កន្លែង ដែលមានទទឹងផ្លូវ ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ១ម៉ែត្រ ចាក់កៅស៊ូ ១ជាន់ និងកៅស៊ូពីរជាន់ DBST ទទឹង ៦ម៉ែត្រ ដោយឆ្លងកាត់ ឃុំចំនួន៤ រួមមាន៖ ឃុំសំរោងលើ ឃុំត្រពាំងសាលាខាងលិច ឃុំត្រពាំងសាលាខាងកើត និងឃុំដើមដូង ដែលមានភូមិចំនួន ១៩ភូមិ។ ខ្សែផ្លូវទី២ មានប្រវែង ១៦,៥១គីឡូម៉ែត្រ រួមមានសំណង់សិល្បការ្យ លូមូល ៣៦កន្លែង លូប្រអប់ ១កន្លែង ទទឹងផ្លូវ ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ១ម៉ែត្រ ចាក់កៅស៊ូ ១ជាន់ និងកៅស៊ូ២ជាន់ DBST ទទឹង ៦ម៉ែត្រ ដោយឆ្លងកាត់ឃុំចំនួន៣ រួមមាន៖ ឃុំដំបូកខ្ពស់ ឃុំដានគោម និងឃុំសំឡាញ ដែលមានភូមិចំនួន ២៧ភូមិ។
នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៍បានជួបសំណេះសំណាល និង ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានណែនាំដល់ក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន៧ចំណុច៖ ១.ត្រូវយកចិត្តទុកដាក់ស្ថាបនាផ្លូវឱ្យមានគុណ សុវត្ថិភាព និង សោភ័ណភាព, ២.ត្រូវដាក់ស្លាកសញ្ញាសុវត្ថិភាព នៅទីតាំងការដ្ឋាន, ៣.ត្រូវមានធ្វើឡាយរំដោះទឹក សងខាងផ្លូវនៅទីប្រជុំជនដើម្បី ជៀសវាង ការលិចលង់ផ្ទះប្រជាពលរដ្ឋនារដូវវស្សា, ៤.កុំនាំគ្នា ចាក់ដីខ្ពស់ជាងផ្លូវ, ៥.មន្ទីរអភិវឌ្ឍន៍ជនបទ ខិតខំសហការជាមួយ អាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលដោះស្រាយផលប៉ះពាល់ផ្សេងៗ, ៦.សូមបងប្អូនប្រជាពលរដ្ឋជឿជាក់ និង ទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ ព្រំដែន ជាមួយថៃ និង៧.អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវតែចូលរួមការពារ និងថែរក្សាផ្លូវទាំងពីរខ្សែរនេះឱ្យបាន គង់វង្សយូរអង្វែង៕ សេង ណារិទ្ធ