(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេល វេលាដ៏មមាញឹកអនុញ្ញាត ឱ្យរូបឯកឧត្តម និង គណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពជម្រាបជូន សម្ដេចបវរធិបតីផងដែរថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម និងគណៈប្រតិភូ មកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាល ធនធានមនុស្សដល់ កងទ័ពជើងគោកកម្ពុជា។
ជាការឆ្លើតយប, សម្ដេចបវរធិបតីបានសម្ដែងនូវ ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសមកកាន់ទឹកដីអង្គរ ដែលជាដែនដីអាណាចក្រដ៏រុងរឿងមួយរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ រួមទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទនៅកម្ពុជា ហើយជប៉ុនក៏ជាសហប្រធាន នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC-Angkor) ផងដែរ។
សម្ដេចបវរធិបតីក៏បានគូស បញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និង ជប៉ុន ព្រមទាំងសម្ដែងនូវសេចក្ដី សោមនស្សរីករាយចំពោះភាពរីក ចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ ល្អរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណ ដល់កងទ័ពស័្វយការពារជើងគោកជប៉ុន ដែលបានផ្ដល់នូវការ បណ្ដុះបណ្ដាលធនធាន មនុស្សដល់កងទ័ពជើងគោកកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចបវរធិបតីបាន គូសបញ្ជាក់ផងដែរថា ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍, ជំនាញ និងការបណ្ដុះបណ្ដាល ធនធានមនុស្សដល់ កម្ពុជាគឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍសមត្ថភាព កងទ័ពជើងគោកកម្ពុជា ដោយហេតុថាជប៉ុនជា ប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ, កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នា នៅក្នុងកិច្ចការមនុស្សធម៌ជាដើម។
សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យ កងទ័ពជើងគោកនៃ ប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះ មហន្តរាយ និងការបោសសម្អាតមីន ជាដើម៕