អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨

(ខេត្តកែប)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រារព្វពិធីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងក្រោមការងារចូលរួម ពីសំណាក់អភិបាលរងខេត្ត អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត យុវជន សិស្ស និស្សិតជាច្រើននាក់ ប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥​ នៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្ត​កែប​។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអាននូវសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ នាពេលនេះ។

បន្ថែមពីនោះ​ ឯកឧត្តមបណ្ឌិត​ លើកឡើងថា ស្របពេលដែលកម្ពុជាកំពុង មានការខ្វះខាតកម្លាំង ពលកម្មជំនាញក្នុងការ បំពេញការងារនៅតាម មូលដ្ឋានរោងចក្រ អាជីវកម្មនានា ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នេះ គឺជាឧបករណ៍ក្នុងការ ប្រែក្លាយកម្លាំងពលកម្មកម្ពុជា ទៅជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្សដែល គាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈាន ទៅឧស្សាហកម្មផ្អែកលើជំនាញ លើកកម្ពស់កម្រិតជីវភាព ប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក ណុប សារឿន នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកែប បានអោយដឹងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលរបស់ លោកកំពុងបណ្តុះ បណ្ដាលលើ៤កំរិត មានជំនាញចម្រុះជាច្រើន។ កន្លងទៅមជ្ឈមណ្ឌល នេះ ផ្តល់នូវជំនាញជូន ក្រុមយុវជនគោលដៅ បានចំនួន៩៣៣នាក់ ស្រី៥០៥នាក់ និងបានផ្តល់ប្រាក់ ឧបត្ថម្ដដល់សិស្ស ដែលមានប័ណ្ឌក្រីក្រ និង ប័ណ្ណងាយរង ហានិភ័យមានជាង ៦០០នាក់។  ក្នុងចំណោមយុវជន ដែល មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានផលិតអត្រាមានការងារ ធ្វើរហូតដល់៧០% ។

យុវជនឈ្មោះ សៀន តាំ និងយុវជនដទៃទៀត ដែលទើបបញ្ជប់ការសិក្សា លើផ្នែកបរិក្ខាម៉ាស៊ីនត្រជាក់ បានអោយដឹងថា ក្រោយបញ្ចប់ការសិក្សាពួកគេ បានទៅធ្វើការនៅរាជធានីភ្នំពេញ តាមរយៈការរៀនសូត្រជំនាញនៅទីនេះរយៈពេល៣ខែ ដំណើរជីវិតរបស់ពួកខ្លូនបានផ្លាស់ប្តូរ អាចមានការងារមួយច្បាស់លាស់ ជួយខ្លួនឯងផង និងគ្រួសារផង។

យ៉ាងណាយុវជនរូបនេះ ណែនាំដល់យុវជនដែល មានស្ថានភាពស្រដៀងគ្នា កុំបន្តចំណាយពេលអត់ ប្រយោជន៍ ងាកមក ចូលរៀនសូត្រយកជំនាញ មួយជាប់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *