(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ទទួលយកពលរដ្ឋខ្មែរទាំងអស់ ដែលវិលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែននានា ចូលមកក្នុងប្រទេសវិញ ទោះបីជាមាន ឬគ្មានលិខិតអនុញ្ញាតក៏ដោយ។ នេះជាការគូសបញ្ជាក់របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាណគណបក្ស ប្រជាជនកម្ពុជា ក្នុងការថ្លែងសារពិសេស នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ពីទីស្តីការព្រឹទ្ធសភា។
សម្តេច ហ៊ុន សែន គូសបញ្ជាក់ដូច្នេះ៖ «យើងត្រូវតែទទួលពលរដ្ឋ របស់យើងត្រឡប់មកវិញ កុំទុកឱ្យគេប្រមាថ កុំទុកឱ្យគេធ្វើបាប ព្រោះទង្វើនៃការរើសអើង ជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលរដ្ឋ ពលករកម្ពុជា កំពុងឡើងកម្តៅ។»។
នៅក្នុងការថ្លែងសារពិសេសនេះដែរ ប្រមុខព្រឹទ្ធសភា ក៏ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងអាហារបរិភោគ មុនពលរដ្ឋខ្មែរទាំងនោះ ត្រូវបានដឹកជញ្ជូនទៅកាន់ស្រុកកំណើតរបស់ពួកគេ។
ក្រៅពីជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ ទទួលយកពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសវិញ សម្តេច ហ៊ុន សែន ក៏គូសបញ្ជាក់ពីលទ្ធភាព ក្នុងការស្វែងរក និងផ្តល់ការងារដល់ពលរដ្ឋទាំងអស់នោះដែល ខណៈដែលនៅក្នុងប្រទេស កំពុងតែត្រូវការនូវកម្លាំងពលរដ្ឋរាប់សិបម៉ឺនកន្លែង ទាំងនៅក្នុងវិស័យ ឧស្សហកម្ម,កសិកម្ម និងវិស័យសំណង់ជាដើមនោះ។