ខេត្តស្ទឹងត្រែង : ផ្លូវកំពង់សាឡាងក្រុងស្ទឹងត្រែងដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងរហូតមកដល់បច្ចុប្បន្ននេះហើយបានរងការខូចខាតស្ទើរទាំងស្រុងនោះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង ជួសជុលកែលម្អឡើងវិញហើយ ដើម្បីជាប្រយោជន៍ក្នុងការទាក់ទាញអ្នកទេសចរដែលមកលេងកម្សាន្តខេត្តស្ទឹងត្រែង ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានថ្លែងប្រាប់ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈដែលកំពុងចុះពិនិត្យទីតាំងថា «ទី១ ឯកឧត្តម ចង់រក្សាសមិទ្ធិផលចាស់ ហើយនឹងកែលម្អសោភ័ណភាពស្របទៅគោលការណ៍ រក្សាចាស់ អភិវឌ្ឍន៍ថ្មី ទី២-កែសោភ័ណភាពទីនេះឲ្យទៅជាកន្លែងដែលមានលក្ខណៈស្រស់ស្អាតឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលប្រារព្ធនូវពិធីប្រពៃណីផ្សេងៗមានបណ្តែតប្រទីបក្នុងឱកាសបុណ្យភ្ជុំជាដើម ទី៣-បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលពួកគាត់បើកទូកមកដោះដូរទំនិញនៅទីនេះ និងចុងក្រោយទីកន្លែងនេះនឹងក្លាយជាកន្លែងទេសចរណ៍ ពេលដែលធ្វើស្អាតរួចរាល់ »។
ឯកឧត្តម សរ សុពុត្រា បានបន្តឲ្យដឹងទៀតថា ចំពោះថវិការដែលជួសជុលនេះ គឺជាប្រាក់ខែផ្ទាល់ខ្លួនរបស់លោក មិនយកថវិការជាតិមកចំណាយនោះទេ ។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវកំពង់សាឡាងចាស់នេះ នឹងចាប់ផ្តើមជួសជុលនៅសប្តាហ៍ក្រោយនេះហើយ ។លោកថា ផ្លូវនេះមានប្រវែង១៣១ម៉ែត្រ ទទឹង៦ម៉ែត្រ នឹងសម្រុកធ្វើឲ្យរួចរាល់ឆាប់ៗនៅពេលប៉ុន្មានខែខាងមុខនេះ ។SN