(ខេត្តកែប)៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងថា តាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋនៅភូមិអូរក្រសារ និងភូមិដទៃទៀត នៅក្នុងសង្កាត់អូរក្រសារ និងសង្កាត់ព្រៃធំ ក្រុងកែប ឧស្សាហ៍ព្យាយាមក្នុង ការដាំដំណាំកសិកម្ម ចម្រុះជាច្រើនមុខ ពោលមិនទុកដីឲ្យ នៅទំនេរចោលនោះទេ ក្រៅពីដំណាំវិលជុំ ទាំងនោះ កសិករយើងនៅ មានលទ្ធភាពសាងសង់ ផ្ទះសំណាញ់ សម្រាប់ដាំបន្លែ សរីរាង្គ (Organic) ដែលនេះសបញ្ជាក់ពីកម្រិតជីវភាព របស់កសិរយើងតាមរយៈ ការខិតខំប្រឹងប្រែងរបស់ពួកគាត់។
លោកថ្លែងកោតសសើរដូចនេះ បន្ទាប់ពីអញ្ជើញចុះ សួរសុខទុក្ខកសិករ នៅភូមិអូរក្រសារ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រៅពីនោះឯកឧត្តម បានដឹកនាំក្រុមការងារពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យស្ថានភាពទឹក ក្នុងទំបន់អូរក្រសារ និងពិនិត្យស្ថានភាព ជួសជុលស្តារប្រឡាញទឹកមួយខ្សែ ដើម្បីបំពេញ តម្រូវការទឹកពលរដ្ឋ និង បន្តចុះពិនិត្យទីតាំង ដាំដំណាំរបស់កសិករបន្ថែមទៀត មានអំពៅ និងសណ្តែកគួរជាដើម។
ក្នុងការជួបសំណះ សំណាលជាមួយពលរដ្ឋ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្ត អោយប្រជាកសិករបង្កើន ការដាំដុះបន្តទៀត ស្របពេលទំនប់ ទឹកអូរក្រសារ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្គតផ្គង់ទឹកតាម រយៈប្រឡាយបេតុងដែលយើង មានសម្រាប់ដំណាំវិលជុំទាំងនេះ។ បន្ថែមពីនោះឯកឧត្តម បន្តសំណូមពរអោយពលរដ្ឋ កុំទម្លាប់ដុតជញ្ជ្រាំងស្រូវ ការធ្វើដូចនេះមិនបាន ផ្តល់ផលចំណេញអ្វីនោះទេ ក្រៅពីធ្វើអោយខូចគុណភាពដី និងប៉ះពាល់បរិស្ថាន។
លោក នួន ខ្លួត ជាកសិករគម្រូមួយ រូបនៅភូមិអូរក្រសារ បានអោយដឹងថា សព្វថ្ងៃលោកកំពុងដាំ ដំណាំចម្រុះប្រមាណ៦មុខ លើផ្ទៃដីជិត៣ហិចតា មានដំឡូង ឪឡឹក បន្លែសរីរាង្គ ជាដើម តាមរយៈរបរកសិកម្មនេះ លោកអាចសល់ថវិការចន្លោះពី ៨ពាន់ដុល្លា ទៅ១ម៉ឺន ក្នុងមួយឆ្នាំៗ។ លោកបញ្ជាក់ថា ក្នុងចំណោមដំណាំទាំង៦មុខនោះ លោកកំពុងប្រមូលផល ពោត បណ្តើរៗហើយដែរ ខណៈតម្លៃពោតបច្ចប្បន្នមានតម្លៃទាបបំផុត១,១០០រៀល ក្នុងមួយគ.ក លោកចាត់ទុកនេះ ជាតម្លៃសមរម្យអាច ទទួលយកបាន រីឯបញ្ហាទឹកវិញ លោកមិនបានដាក់ ការព្រួយបារម្ភពេកនោះទេ។
ក្រៅពីនោះលោកថ្លែង អំណរគុណដល់អាជ្ញាធរខេត្ត ជាពិសេសមន្ទីរជំនាញ ដែលបានគិតគូរសុខទុក្ខ ពលរដ្ឋ ពិសេសការបម្រុង ទឹកបានគ្រប់គ្រាន់សម្រាប់ អោយពួកគាត់ដាំដំណាំ បន្ទាប់ពីច្រូតកាត់រួច៕ សេង ណារិទ្ធ