ការកែច្នៃកសិផលនៅមូលដ្ឋាន ជួយជំរុញទីផ្សារកសិកម្ម លើកកម្ពស់សុខភាពនិង ជីវភាពពលរដ្ឋឲ្យកាន់តែប្រសើរ

(ខេត្តកំពត)៖ កសិករប្រកបរបរកែច្នៃកសិផល និងមន្ត្រីបច្ចេកទេស កសិកម្មក្នុងស្រុកទឺកឈូ ខេត្តកំពត បានបញ្ជាក់ថា ការងារកែច្នៃកសិផលនៅមូលដ្ឋាន ជារបរមួយសំខាន់ដែលជួយគាំទ្រ និងជំរុញដល់ទីផ្សារ កសិផលក្នុងស្រុកឲ្យ មាននិរន្តរភាព ផ្តល់ជូននូវទំនិញ ដែលមានគុណភាព សុវត្ថិភាព ផ្តល់ផលល្អចំពោះសុខភាព និងជួយបង្កើនប្រាក់ ចំណូលពលរដ្ឋនៅ ក្នុងមូលដ្ឋានផងដែរ។ ខណៈដែលអាជ្ញាធរ ស្រុកទឹកឈូអំពាវនាវដល់ ពលរដ្ឋឲ្យចូលរួមកែច្នៃ និងគាំទ្រផលិត នៅក្នុងមូលដ្ឋាន។

កសិកររស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ អ្នកស្រី នូ សោភា បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២៣ គាត់និសមាជិក ក្រុម៥នាក់ផ្សេងទៀត បាននាំគ្នាចូលរួមក្នុង វគ្គបណ្តុះបណ្តាល គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ របស់អង្គការ RACHA  ហើយក៏ចេះកែច្នៃចំណីអាហារ និងភេសជ្ជៈជាង១០មុខរួមមាន៖ ទឹកសណ្តែងសៀង ទឹកសណ្តែកខៀវ ទឹកពោត ទឹកត្នោត ទឹកត្រាវ ទឹកស្ពៅ  យ៉ាអួ  ម្សៅចង្រិត ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់ស្វាយ ជ្រក់ត្រប់ ដំណាប់ស្វាយ ចេកឆាប ស្រាស្វាយជាដើម   ហើយក៏បានចាប់យកធ្វើជាមុខរបរ រហូតមកដល់បច្ចុប្បន្ន ខណៈដែលអ្នករួមក្រុម៥នាក់ផ្សេងទៀត នាំគ្នាបោះបង់ទៅធ្វើការងារផ្សេងៗ ដោយសារប្រាក់កម្រៃពីរបរកែច្នៃចំណីអាហារនេះ មិនទាន់មានទីផ្សារល្អ។

ប៉ុន្តែសម្រាប់អ្នកស្រីនៅតែពេញចិត្ត ក្នុងការបន្តមុខរបរកែច្នៃកសិផលនេះ ដោយសារលោកស្រី គិតពីសុខភាពអ្នកទទួលទាន ច្រើនជាងប្រាក់ចំណេញ។

កសិករកែច្នៃកសិផល ដដែលនោះបានបញ្ជាក់ថា ជាធម្មតាមួយថ្ងៃ អ្នកស្រីធ្វើទឹកសណ្តែក និងទឹកពោត ទឹកស្ពៅ ចន្លោះពី៦០ ទៅ៧០ដប សម្រាប់លក់ឲ្យអ្នកភូមិ និងអ្នកទិញយកទៅលក់បន្តតាមម៉ូតូ។ ហើយបន្ទាប់ពីពលរដ្ឋមានការយល់ដឹងច្រើន ពីបញ្ហាសុខភាព តម្រូវការក៏ចាប់ផ្តើមកើន ឡើងជាបណ្តើរៗផងដែរ ខណៈដែលប្រាក់ កម្រៃក៏មានការកើន ឡើងតាមបរិមាននៃការផលិត។

មន្ត្រីបច្ចេកទេស កសិកម្មឃុំកូនសត្វ លោក ម៉ី ភារ៉ា បានបានបញ្ជាក់ថា ការកែច្នៃកសិផល ជាការងារមួយសំខាន់ ដែលរូបលោកកំពុង តែខិតខំជំរុញ លើកទឹកចិត្តដល់កសិករ និងពលរដ្ឋទូទៅចេះកែច្នៃកសិផល និងគាំទ្រ ទទួលទានផលិតផល កែច្នៃនៅមូលដ្ឋានរបស់ខ្លួន ព្រោះវាមានគុណភាពល្អ ធានាដល់សុខភាពក៏ដូចជាជំរុញដល់ទីផ្សារកសិផល។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានឲ្យដឹងដែរថា ស្រុកកំពុងតែយកចិត្តទុកដាក់ និងបានគិតគូរធ្វើយ៉ាងណា ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងជីវភាពរបស់ កសិករឲ្យកាន់តែប្រសើរ។ ហើយរដ្ឋបាលស្រុកនឹងបន្តជំរុញ និងគាំទ្រដល់កសិករ លើផ្នែកបច្ចេកទេសដាំដុះ បង្កើនទិន្នផលឲ្យខ្ពស់ គាំទ្រទីផ្សារ និងបច្ចេកទេសកែច្នៃនៅមូលដ្ឋាន ដើម្បីអភិវឌ្ឍ និងប្រែក្លាយកសិកម្មនៅមូលដ្ឋាន ជាសហគមន៍ទំនើប។ លោកអភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមជួយគាំទ្រផលិតផល កែច្នៃរបស់ស្រុកទឺកឈូ ឲ្យកាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់កសិករ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *