សហគមន៍បន្លែឃុំកូនសត្វ នឹងត្រូវបង្កើតឡើង ក្នុងពេលឆាប់ៗដើម្បី បង្កើនប្រាក់ចំណូល និងជំរុញទីផ្សារបន្លែកសិករ

(ខេត្តកំពត)៖ មន្ត្រីបច្ចេកទេសកសិកម្ម និងកសិករឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ពួកគាត់កំពុងតែ ខិតខំប្រមូលចងក្រង កសិករដាំបន្លែ ដើម្បីបង្កើតជាសហគមន៍ បន្លែមួយក្នុងពេលឆាប់ៗខាងមុខនេះ។ ពួកគាត់អំពាវនាវ ដល់កសិករទាំងអស់ សូមចូលរួមសហការ បង្កើតសហគមន៍បន្លែ ដើម្បីជួយបង្កើនប្រាក់ ចំណូលគ្រួសារ និងជំរុញទីផ្សារបន្លែនៅ មូលដ្ឋានឲ្យបានតម្លៃ ខ្ពស់គ្រប់រដូវ។

លោក ម៉ី ភារ៉ា មន្ត្រីបច្ចេកទេសកសិកម្ម ឃុំកូនសត្វបានឲ្យដឹង កាលពីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ថា ឃុំកូនសត្វជា ឃុំដែលមានសក្តានុ ពលលើការដាំដុះបន្លែតាំង ពីជំនាន់ដូនតាមក។ ហើយបច្ចុប្បន្ន ក្រោមការយកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការដាំបន្លែមានភាពល្អប្រសើរទាំងបច្ចេកទេស និងបរិមាណខ្ពស់ ប៉ុន្តែបញ្ហាទីផ្សារនៅតែមានបន្ថិចបន្តួចដែរ ដោយសារកសិករដាំដុះលក្ខណៈគ្រួសារ មិនទាន់បានចងក្រងជាសហគមន៍។

កសិករជោគជ័យក្នុង ការដាំបន្លែនៅភូមិកូនសត្វ ឃុំកូនសត្វ លោក ស្រូន សារឿន បានប្រាប់ឲ្យដឹងថា លោកយល់ច្បាស់អំពីអត្ថប្រយោជន៍ នៃការបង្កើតជាសហគមន៍ គឺដើម្បីជួយបង្កើនប្រាក់ចំណូល និងជំរុញទីផ្សារបន្លែឲ្យល្អប្រសើរគ្រប់រដូវ។

មន្ត្រីបច្ចេកទេសថា ដោយសារមានការណែនាំ និងជំរុញពីមន្ទីរកសិកម្មខេត្ត ពិសេសលោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ ក្រុមការងារ អាជ្ញាធរ និងធ្វើការប្រជុំផ្សព្វផ្សាយ ចង់ក្រងបង្កើតជាសហគមន៍ បន្លែឃុំកូនសត្វ នៅខែកុម្ភៈខាងមុខ។

សូមបញ្ជាក់ថា ឃុំកូនសត្វមានផ្ទៃដី ដាំបន្លែជាង៣០០ហិតតាដែលអាច ផ្គត់ផ្គង់បន្លែគ្រប់រដូវ។ ហើយបច្ចុប្បន្នឃុំកូនសត្វ ក៏បានក្លាយជាតំបន់កសិ-ទេសចរណ៍ ដ៏ទាក់ទាញរបស់ខេត្តកំពត ក្នុងនោះរួមមានទាំង តំបន់រមណីយដ្ឋានចំការម្រេច “ឡាផ្លានថេសិន” ផងដែរ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *