(ខេត្តកែប)៖ កុមារ ជាទំពាំង និងជាអ្នកបន្តវេនក្នុង ការបន្តនិរន្តភាពនៃធនធាន មនុស្សរបស់ប្រទេសជាតិ ការការពារសុខភាពកុមារ អោយមានការលូតលាស់ ល្អជារឿងចាំបាច់ដែល អ្នកពាក់ព័ន្ធត្រូវគិតគួរ ក្នុងដំណាក់កាល ដំបូងនៃការចូលរៀន របស់កុមារក៏ជាការចាំបាច់ ដែលយើងត្រូវយកចិត្តទុកដាក់ ក្រៅពីបំពាក់បំប៉ននូវ ចំណេះដឹងដល់ពួកគេ សុខភាពរឹតតែសំខាន់ ដូចនេះមន្ទីរ និងអាជ្ញាធរត្រូវបន្តត្រួតពិនិត្យ ការលក់ដូរចំណីអាហារទាំងក្នុង និងក្រៅសាលា ជាពិសេសហាមដាច់ ខាតការលក់ភេសជ្ជៈផ្អែម ដល់កុមារតែម្តង។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពិធីបើកសន្និបាតបូក សរុបវាយតម្លៃការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៤-២០២៥ នៅសាលប្រជុំមន្ទីរ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។
ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍ថា កុមារដែលមានអាយុចន្លោះពី៣ ទៅ ៥ឆ្នាំ ជាដំណាក់កាលលូតលាស់ដ៏សំខាន់ ទាំងការលូតលាស់ ធំធាត់ផ្នែករាងកាយ និងការអភិវឌ្ឍសតិបញ្ញាស្មារតី ចរិតលក្ខណៈ ការគិត និងអារម្មណ៍។ ដូចនេះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប ត្រូវជំរុញអាណាព្យាបាល បញ្ជូនពួកគេមកទទួលការអប់រំ នៅសាលាឬចូលរៀនថ្នាក់ មត្តេយ្យក្នុងតួរលេខមួយខ្ពស់ ក្រៅពីនោះការងារចាំបាច់ មួយទៀតគឺបន្តត្រួតពិនិត្យ ការលក់ដូរចំណីអាហារ របស់ពលរដ្ឋ ទាំងក្នុងនិងក្រៅសាលារៀន សំដៅធានាបានថា កុមាររបស់យើង ពិតជាទទួលបានការថែទាំទាំងសុខភាព និងការបណ្តុះបណ្តាល នូវប្រាជ្ញាស្មារតីបានត្រឹមត្រូវ។
ឯកឧត្តមបញ្ជាក់ផងដែរថា ក្នុងឱកាសបើកកិច្ច ប្រជុំដំបូងរបស់គណៈរដ្ឋមន្រ្តី អាណត្តិទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវវិធានការគន្លឺះ ៤ក្នុងគោលដៅពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋចាប់ពីមត្តេយ្យ សិក្សាដល់មធ្យមសិក្សា ក្នុងនោះចំណុចទី៣ គឺការយកចិត្តទុកដាក់ដល់ សុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារនិងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលារៀន។
យោងរបាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកែប បានឱ្យដឹងថា ឆ្នាំសិក្សា២០២៣-២០២៤ នៅទូទាំងខេត្តមាន ថ្នាក់មត្តេយ្យសរុបចំនួន ២៥កន្លែង មានថ្នាក់រៀនសរុបចំនួន ៥៨ថ្នាក់ ទទួលបានកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំឱ្យទទួលសេវាអប់ រំកុមារតូចគ្រប់រូបភាព សរុបចំនួន ១,៦០៨នាក់ ស្រី៧៥០នាក់។
កុមារអាយុ ៣ឆ្នាំ បានចូលរៀន មាន១៦,៦៧% កុមារអាយុ ៤ឆ្នាំ បានចូលរៀនមាន ៦៣,៣៣% និងកុមារអាយុ៥ឆ្នាំ បានចូលរៀនមាន ៧៧,១២% ក្នុងនោះកុមារអាយុ៥ឆ្នាំ បានចូលរៀនថ្នាក់ទី១ សរុបចំនួន ៦៨៦នាក់ ស្រី ៣៣០នាក់ ស្មើនឹង ១០០%៕ សេង ណារិទ្ធ