(ខេត្តកំពត) ៖ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា កត្តាសុខសន្តិភាពសំខាន់ណាស់ សម្រាប់ធ្វើឲ្យប្រទេសមួយ ប្រជាជាតិមួយមាន ការអភិវឌ្ឍន៍រីកចម្រើន រស់នៅប្រកបដោយ សុខដុមរមនា។ ជាក់ស្តែងប្រទសកម្ពុជា សន្តិភាពបាននាំមកនូវ ភាពរីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ។
មានប្រសាសន៍នៅក្នុង ពិធីជួបសំណេះសំណាល ជាមួយព្រះសង្ឃយាយជីតាជី និងប្រជាពុទ្ធបរិស័ទ្ធ ចំណុះវត្តឧត្តមមានជ័យ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ក៏មិនមានឱកាសបានជុំគ្នាធ្វើបុណ្យទានដូចសព្វថ្ងៃនេះដែរ។
ឯកឧត្តមបណ្ឌិតបានបន្តថា កត្តាសុខសន្តិភាព នាំមកនូវការអភិវឌ្ឍន៍ លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ហើយវិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំ ពង្រឹងចំណេះដឹង គុណធម៌ សីលធម៌សង្គម ផលិតបានធនធានមនុស្ស និងថ្នាក់ដឹកនាំប្រកបដោយទសពិតរាជធម៌ និងមានសក្តានុពល ដឹកនាំប្រទេស ឆ្ពោះទៅរកភាពរីកចម្រើន ស្មើរមុខស្មើមាត់ជាមួយនឹងប្រទេសជិតខាង និងប្រទេសនៅជុំវិញពិភពលោក។ ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សាចូលរួម គាំទ្ររាជរដ្ឋាភិបាល ដើម្បីបន្តការពារ សន្តិភាពឲ្យនៅគង់វង្ស ស្ថិតស្ថេរយូរអង្វែង។
ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានចូលរួមពិនិត្យ ព្រះវិហារឧត្តមមានជ័យ ដែលកំពុងសាងសង់ ចំណាយអស់ថវិកាជាង ២០០,០០០ ដុល្លាអាមេរិក ក្នុងនោះ ឯកឧត្តមបណ្ឌិតក៏បានជួយ បង្ហើយដំបូលព្រះវិហារ ២៤០,០០០,០០០រៀល និងក្លោងទ្វារធំព្រះវិហារចំនួន៣ អស់បច្ច័យ ១៥,០០០ដុល្លាអាមេរិក។ ហើយឯកឧត្តមបណ្ឌិត នឹងអញ្ជើញមកកាត់ឬសសិមា ដែលនឹងត្រូវប្រារព្ធធ្វើពិធីបញ្ចុះ ខណ្ឌសីមាក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានប្រគេនបច្ច័យព្រះចៅ អធិការវត្តឧត្តមមានជ័យ ១,០០០,០០០រៀល និងក្រុមប្រឹក្សាខេត្ត ៨០០,០០០រៀល ព្រះភិក្ខុសង្ឃក្នុងមួយអង្គ ១០០,០០០រៀល សាមណេរ ៥០,០០០រៀល
យាយជីតាជី និងប្រជាពុទ្ធបរិស័ទ្ធមក ឃុំកណ្តោល ស្រុក ទឹកឈូ ជាង៣០០នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល និងលោកគ្រូ អ្នកគ្រូ ១៨ នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀលសិស្សចំនួន ៦០៤ នាក់ ថវិកាម្នាក់ៗ ១០,០០០រៀលផងដែរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យទី០៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពត ក៏បានអញ្ជើញចុះទៅ ពិនិត្យការសាងសង់ ព្រះវិហារវត្តថ្មពួក ព្រមទាំងជួបសំណេះសំណាល ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្តថ្មពូក ស្ថិតនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពតផងដែរ៕ សេង ណារិទ្ធ