យុវជនត្រូវចងចាំនិងដឹងគុណថ្ងៃ៧មករា ហើយសូមបន្តរួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាពឲ្យគង់វង្ស

(ខេត្តកំពត)៖ ថ្នាក់ដឹកនាំខេត្ត និងប្រធានក្រុមការងារ (អ.ម.ត)កំពត- តាកែវ បានលើកឡើងថា ៧មករាជាថ្ងៃខួបកំណើតទី២ របស់ប្រជាជនខ្មែរ ដែលបានរួចផុតជីវិតពីរបបវាលពិឃាត។ ក្រោយពីប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ កម្ពុជាអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។ ដូច្នេះក្នុងនាមយុវជនសរសរទ្រូង ប្រទេសជាតិត្រូវចងចាំ និងដឹងគុណថ្ងៃ ជ័យជម្នះ៧មករា  និងប្តេជ្ញាចូលរួមថែរក្សា សុខសន្តិភាពឲ្យបានគង់វង្ស។

ថ្លែងក្នុងពិធីបើកព្រឹត្តិការ កីឡាបាល់ទាត់មិត្តភាព រវាង ក្រុមបាល់ទាត់ (អ.ម.ត) ខេត្តកំពត  និងក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ដើម្បីអបអរសាទរខួប អនុវស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា១៩៧៩ -៧មករា ២០២៥  ដែលបានរៀបចំឡើង នៅពហុកីឡដ្ឋានខេត្តកំពត នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម លាង សំណាត់ ប្រធានក្រុមការងារ គ្រប់គ្រងនិស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពត-តាកែវ បានលើកឡើងថា  ក្រោយថ្ងៃរំដោះ៧មករា ថ្នាក់ដឹកនាំគណបក្សប្រជាជន បានខិតខំរក្សាការពារ និងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ រហូតធ្វើឲ្យប្រទេស មានការអភិវឌ្ឍន៍លើកគ្រប់វិស័យ រួមទាំងវិស័យកីឡាផង។ ជាក់ស្តែងការប្រកួតកីឡាបាល់ទាត់មិត្តភាពដ៏អធឹកអធមថ្ងៃនេះ  គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ (៧មករា ១៩៧៩ – ៧មករា ២០២៥) ដែលជាថ្ងៃខួបកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ ។

លោក ពេញ ធារម្យ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ដែរថា ទោះក្មេងជំនាន់ក្រោយកើតមិនទាន់សម័យប៉ុល ពត ក៏ពិតមែន ប៉ុន្តែពួកគេបានដឹងច្បាស់ តាមរយៈវីដេអូឯកសារ  និងសាក្សីរស់ អំពីភាពឈឺចាប់ខ្លោចផ្សារ ការធ្វើទារុណកម្មសាហាវយង់ឃ្នងនាសម័យនោះ។ ដូច្នេះក្នុងនាមយុវជនដែលជាសរសេរទ្រូងប្រទេសជាតិ ត្រូវចង់ចាំ និងដឹងគុណថ្ងៃទី៧មករា និងរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។

តារាមច្រៀងម្ចាស់បទ “ពងទា” លោក ជេន បានបង្ហាញចំណាប់ អារម្មណ៍សប្បាយរីករាយ ដែលបានមកចូលរួម ប្រកួតបាល់ទាត់មិត្តភាពនៅខេត្តកំពត ដោយសារឃើញការរៀបចំ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលនេះបង្ហាញពីផ្លែផ្កានៃសុខសន្តិភាព ដែលកើតចេញពីថ្ងៃជ័យជម្នះ៧មករា១៩៧៩ ។

ពេលបញ្ចប់ការប្រកួត ក្រុមផ្ការីកគ្រប់រដូវ ដែលដឹកនាំលោក តារាកប្លែង នាយ ពាក់មី  យកឈ្នះលើកក្រុម  អ.ម.ត ខេត្តកំពត ក្នុងលទ្ធផលបច្ចេកទេស ៣-២។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០២៣ គណៈកម្មាធិការ(អ.ម.ត) ទទួលបានអាហាររូបករណ៍  ថ្នាក់ចំណេះទូទៅ ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាសរុបចំនួន ៣៨ ៦១៣កន្លែង ពីបណ្តាលគ្រិះស្ថានសាធារណៈ និងឯកជនប្រមាណ៧៣គ្រិះស្ថាននៅក្នុងប្រទេស  និងថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ៣៦៥កន្លែង ពីគ្រិះស្ថាន៤០កន្លែង នៅសាធាររដ្ឋប្រជាមានិតចិន ។ ដោយឡែកឆ្នាំ២០២៣ -២០២៤  គណៈកម្មាធិការ ទទួលបានអាហាររូបករណ៍ ចំណេះទូទៅ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា សរុបចំនួន ៣០៨០កន្លែងនៅក្នុងប្រទេស  និង១១៣កន្លែងនៅ សាធារណៈរដ្ឋប្រជាមានិតចិន៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *