(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បច្ចេកទេសពិសេសទទួលបន្ទុក លើការកំណត់និយាមកា និងរៀបចំផែនទីលម្អិត សម្រាប់គម្រោង ព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈ ប្រតិភូអន្តរក្រសួង និងក្រុមការងារ បច្ចេកទេសដែលពាក់ព័ន្ធ ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១ (ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ប្រវែង ២១គីឡូម៉ែត្រ) និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ បោះបង្គោលព្រំដីចុងក្រោយ របស់គម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី ១ ដែលជានិមិត្តរូបបញ្ជាក់ថា ការងារនេះសម្រេចបាននូវលទ្ធផល ១០០% តាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ថា ក្រុមការងារការងារអន្តរក្រសួង ដែលដឹកនាំដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចគោលដៅ ១០០% នៃការងារកំណត់និយាមកា និងបោះបង្គោលព្រំដី និងររៀបចំផែនទីលម្អិត តាមបណ្តោយគម្រោង ព្រែកជីកហ្វូនណនតេជោ ជាមួយចំនួនបង្គោលព្រំដី ដែលបានបោះសរុបចំនួន ១៤២ ចំណុច នៃតម្រាយផ្លូវទឹកកំណាត់ទី១។
ក្រុមការងារបច្ចេកទេសអន្តរក្រសួង មានការសហការគ្នាល្អ ក្នុងការងារអនុវត្តការងារ ទោះជា ទីតាំងបង្គោលមួយចំនួន ស្ថិតនៅក្នុងតំបន់ដែល មានឧបសគ្គជាច្រើន ដូចជា៖ បឹងមានទឹកជ្រៅ ព្រៃរបោះដែលត្រូវចុះដើរឆ្កាព្រៃ បន្លា សត្វអសិរពិស ជាដើម ក៏ក្រុមការងារខិតខំអនុវត្ត តាមផែនការដែលបានកំណត់ ១០០%។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងសហការ គ្នាអនុវត្តការងារឱ្យបានរលូន និងជួយយកអាស្រ័យ គ្នាយ៉ាងល្អប្រសើរ ដែលបង្ហាញអំពីទឹកចិត្ត គាំទ្រយ៉ាងពេញទំហឹ ងលើការអនុវត្តគម្រោងព្រែក ជីកហ្វូណនតេជោរបស់ រាជរដ្ឋាភិបាលកម្ពុជា៕