ស្ទឹងត្រែងៈមន្ទីរផែនការខេត្តស្ទឹងត្រែង និងរដ្ឋបាលស្រុកបុរីអូស្វាយសែនជ័យនាថ្ងៃទី២៥ខែវិច្ឆកា២០២៤នេះបានសហការគ្នារៀបចំនូវវេទិកាសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុក ឃុំ(២០២៥-២០២៧) ថ្នាក់ស្រុក ដែលធ្វើឡើងនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
អភិបាលស្រុកបុរីអូស្វាយសែនជ័យលោក លី មីណា បានមានមតិស្វាគមន៍ថា វេទិកាសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុក ឃុំ(២០២៥-២០២៧) ថ្នាក់ស្រុក នាពេលនេះពិតជាមានសារៈសំខាន់ខ្លាំង ព្រោះវេទិការនេះគឺនិងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈកិច្ចសហការគាំទ្រ និងការចូលរួមវិនិយោគរបស់អង្គការដៃគូអភិវឌ្ឍន៍ វិស័យឯកជន សប្បុរសជន រួមទាំងពីមន្ទីរវិស័យនានាក្នុងខេត្ត សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ស្រុក ឃុំ។
ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង លោក លី ប៊ុនឡោម បានឲ្យដឹងថាភាពសំខាន់នៃសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក គឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
លោកប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែងបានបញ្ជាក់ថាសម្រាប់សិក្ខាសាលាសមាហរណកម្ម និងកម្មវិនិយោគបីឆ្នាំរំកឹលថ្នាក់ស្រុក នៅស្រុកបុរីអូស្វាយសែនជ័យនាពេលនេះ មានការចូលរួមពីមន្ទីរអង្គភាពចំនួន១៣ តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន០៤ ក្នុងនោះមានគម្រោងស្នើឡើងក្នុងឆ្នាំ២០២៥ ដោយរដ្ឋបាលស្រុកមានចំនួន២៩ គម្រោង មានការគាំទ្រពីមន្ទីរវិស័យចំនួន១១គម្រោង ហើយគម្រោងដែលបានស្នើឡើងដោយរដ្ឋបាលឃុំមានចំនួន២៥១គម្រោង មានការគាំទ្រពីមន្ទីរវិស័យចំនួន៣៤គម្រោង គាំទ្រដោយអង្គការដៃគូអភិវឌ្ឍន៍ចំនួន១៣៦គម្រោង៕By: SamNeang