ខែតុលា៖ ច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តបម្រើពលរដ្ឋជាង៤សែនសេវា រកចំណូលបានរាប់ពាន់លានរៀល!

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ស្ដីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល អង្គភាពច្រកចេញចូល តែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង៨ម៉ឺនសេវា ។

ក្នុងចំណោមសេវានៃវិស័យទាំង១៤ វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបន្តឈរលំដាប់ខ្ពស់ ដែលមានតម្រូវការសេវាច្រើនជាងគេ គឺមានរហូតដល់ជាង៣ម៉ឺនសេវា តាមពីក្រោយដោយតម្រូវការសេវាវិស័យរដ្ឋបាលមានជាង១ម៉ឺនសេវា ខណៈសេវាមានតម្រូវការស្នើសុំតិច គឺសេវាក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈដែលមានត្រឹមតែ២សេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកបណ្ឌិត ទូច សុឃៈសេវាដែលអង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់ជូនខាងលើនេះ បានទទួលចំណូលសរុបជិត ១២ពាន់លានរៀល ស្មើនឹងជិត៣លានដុល្លារ ក្នុងនោះវិស័យទទួលចំណូល ច្រើនជាងគេគឺវិស័យ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានជាង ៩ពាន់ ៤០០លានរៀល បន្ទាប់មកគឺវិស័យសាធារណការ និងដឹកជញ្ជូនទទួលបាន ចំណូលជាង៨០០លានរៀល ខណៈវិស័យវិចិត្រសិល្បៈ ដែលមានតម្រូវការ សេវាតិចជាងគេនោះ ទទួលបានចំណូល៤០ម៉ឺនរៀល។

ដោយឡែកចំពោះ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌវិញ អ្នកនាំពាក្យរងបានឱ្យដឹងដែរថា ក្នុងអំឡុងខែតុលាដូចគ្នា មន្រ្តីបានផ្តល់សេវាជូនប្រជាពលរដ្ឋ ជាង ៣សែនសេវា។ ក្នុងចំណោមវិស័យទាំង១៧ គឺការងារអត្រានុកូលដ្ឋានផ្តល់បានច្រើនជាងគេ  មានរហូតដល់ជាង២សែនសេវា បន្ទាប់មកគឺការងារនីត្យានុកូលកម្ម ផ្តល់បានជាង១សែនសេវា ខណៈវិស័យផ្តល់បានតិចជាងគេ គឺវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មានត្រឹមតែ២សេវាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយសេវា សរុបនៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់ចំណូលជូនរដ្ឋជាង ៨០០លានរៀល គិតជាដុល្លារប្រមាណជាង២សែនដុល្លារ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តចតុកោណ ដោយសម្រេចបាននូវមរតកសមិទ្ធផលជាច្រើន ក្នុងនោះក៏មានការដាក់ចេញនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការផងដែរ។ តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាលបានសម្រេច បង្កើតយន្តការច្រកចេញចូល តែមួយនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដោយបានផ្ទេរសិទ្ធិសម្រេចផ្ដល់សេវាជាង៨០០ ប្រភេទទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ  ដើម្បីបង្ខិតសេវានោះឱ្យទៅកៀកនឹង ប្រជាពលរដ្ឋប្រកបដោយតម្លាភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *