ខេត្តក្រចេះ៖ មន្ទីរបរិស្ថានខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ដោយមានការចុះផ្សាយ និងចោទប្រកាន់ថា “មន្ត្រីបរិស្ថានបានធ្វើការបង្ក្រាប ដាក់ខ្នោះប្រជាពលរដ្ឋដោយគ្មានកំហុស” ដែលការចុះផ្សាយខាងលើនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ មិនបានស្វែងរកមូលហេតុ ឬ អង្គហេតុគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈបង្កាច់ បង្ខូច ញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រី នៃមន្ទីរបរិស្ថានខេត្តក្រចេះ។
សេចក្តីប្រកាសរបស់មន្ទីរបរិស្ថានខេត្តក្រចេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ វិច្ឆិកា ២០២៤ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការចុះល្បាត ទប់ស្កាត់ បង្ក្រាបករណីកាប់គាស់ រុករានដីព្រៃ ឆ្ការដុតឈូសឆាយដីព្រៃរដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិទំហំ ២.៥២ហិកតា ដែលប្រព្រឹត្តទៅនៅអូរច្រឡំផុក និយាមកាX612427-Y1431 778 ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់ព្នៅ ឃុំកោះខ្ញែរ ស្រុកសំបូរ នៃដែនជម្រកសត្វព្រៃសំបូរ ជាតំបន់ការពារធម្មជាតិ ដែលបង្កើតឡើងដោយអនុក្រឹត្យ ក្នុងនោះឃាត់បានត្រាក់ទ័រ ១គ្រឿង ម៉ាកJOHN DEERE 5056E ពណ៌បៃតង ។
សេចក្តីបំភ្លឺបានបញ្ជាក់ទៀតថា ក្រោយពេលឃាត់បាន ក្រុមការងារបាននាំយកទៅស្នាក់ការ ដើម្បីបន្តនីតិវិធីច្បាប់ លុះមកតាមផ្លូវក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ មកធ្វើការរារាំងដល់សមត្ថកិច្ចកំពុងអនុវត្តការងារ មិនឱ្យនាំយកត្រាក់ទ័រទៅស្នាក់ការ ដើម្បីអនុវត្តនីតិវិធី។ ជុំវិញករណីនេះ មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរួចរាល់ហើយ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
មន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់បណ្តាញព័ត៌មានទាំងអស់ ដែលជំរុញឱ្យមានភាពយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រី នៃមន្ទីរបរិស្ថានខេត្តទាំងស្រុង ។ហើយមន្ទីរបរិស្ថានខេត្តក្រចេះ បានស្នើដល់គ្រប់បណ្តាញផ្សព្វផ្សាយព័ត៌មាន ធ្វើការផ្សព្វផ្សាយលើករណីជារឿងពិត ត្រឹមត្រូវ ត្រូវពិនិត្យអង្គហេតុ អង្គច្បាប់ និងបទដ្ឋានកិត្តិយុត្តត្រឹមត្រូវ មុនធ្វើការចុះផ្សាយលើមាតិការរបស់ខ្លួន។
មន្ទីរបរិស្ថានខេត្តក្រចេះ បានប្រកាសស្វាគមន៍គ្រប់សារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមទាំងអស់ ដើម្បីផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងជាឧត្តមប្រយោជន៍ជាតិ៕
By:Long kannsamneang