ខេត្តស្ទឹងត្រែងៈ កសិករនៅខេត្តស្ទឹងត្រែងគ្រោងបញ្ចាប់ការប្រមូលផលស្រូវ នៅដើមខែធ្នូខាងមុខនេះ ដើម្បីជំរុញការងារបង្កបង្កើនផលឱ្យសម្រេចបានតាមផែនការឆ្នាំ ដែលមន្ទីរកសិកម្មបានដាក់ចុះ ព្រោះគិតមកដល់ថ្ងៃទី១៩វិច្ឆិកានេះ ប្រមូលផលបាន ចំនួន ២៣,៩៥០ហិកតា ស្មើនិង៨៣.៨៤% នៃការអនុវត្តបានចំនួន ២៨,៥៦៥ហិកតា។
ក្នុងសកម្មភាពប្រមូលផលស្រូវកសិករនៅខេត្តស្ទឹងត្រែងថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២៤ លោកទុំ នីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថាការងារបង្កបង្កើន ស្រូវរបស់កសិករឆ្នាំនេះទទួលបានលទ្ធផលល្អ ដោយសារកសិករយើងមួយចំនួនបានផ្លាស់ប្តូរទំលាប់នៃការដាំដុះ មកអនុវត្តតាមបច្ចេកទេស និងបានទាន់រដូវ ធ្វើឱ្យស្រូវទទួលបានផលច្រើន។
លោកបន្តថា គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កសិករនៅស្រុកសេសាន ប្រមូលផលបានចំនួន ៤,៧៣០ហិកតា ស្មើនិង៨០.២២% ។ ស្រុកសៀមបូក ប្រមូលផលបានចំនួន ៤,៦៦៤ហិកតា ស្មើនឹង៨៨.៨០%។ស្រុកសៀមប៉ាង ប្រមូលបានចំនួន ៦,១២១ហិកតា ស្មើនិង៨៣.៤២%។ក្រុងស្ទឹងត្រែង ប្រមូលផលបានចំនួន ២,៨៩៨ហិកតា ស្មើនិង ៨៤.៣៧%។ស្រុកថាឡាបរិវ៉ាត ប្រមូលផលបានចំនួន ៤,១៥៦ហិកតា ស្នើនិង៨១.៣៥% ។ស្រុកបុរីអូរស្វាយសែនជ័យ ប្រមូលផលបានចំនួន ១,៣៨១ហិកតា ស្មើនិង៨៩.៩៧%។សរុបទាំង៦ក្រុងស្រុក សម្រេចបានចំនួន ២៣,៩៥០ហិកតា ស្មើនិង៨៣.៨៤% នៃការអនុវត្តបានចំនួន ២៨,៥៦៥ហិកតា ក្នុងឆ្នាំ២០២៤ ។
លោកប៊ុនសាមួន កសិករនៅខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា នៅឆ្នាំ២០២៤នេះ ស្រូវពង្រោះក៍ដូចជា ស្រូវស្ទូងដែរ គឺទទួលបានផលល្អដូចគ្នា ព្រោះមានទឹកភ្លៀងពេញបរិបូរណ៌ ហើយទឹកទន្លេមេគង្គ ឡើងមកក៏សមល្មម ផ្តល់ដីល្បាប់មានជីជាតិ និងឆាប់ស្រកទៅវិញមិនបង្កឱ្យស្រូវខូចខាតទេ ។ លោកបន្តថា កត្តានេះហើយទើបការងារបង្កបង្កើនផលឆ្នាំនេះសិករយើងគ្រប់គ្រួសារនៅខេត្តស្ទឹងត្រែង ទទួលបានទិន្នផល ខ្ពស់ជាងឆ្នាំ២០២៣ ។