ក្រុមកាងារនៃលេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបន្តអនុវត្តតាមបទបញ្ជាលេខ០១បប របស់រាជរដ្ឋភិបាល!

ខេត្តស្ទឹងត្រែងៈក្រុមកាងារនៃលេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះទៅត្រួតពិនិត្យតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រដល់មន្ត្រីរាជការ​ បុគ្គលិក និងមន្រ្តីជាប់កិច្ចសន្យានៅរតនាគារស្ទឹងត្រែង។

ប្រធានរតនាគារខេត្តស្ទឹងត្រែងលោក សេង ម៉ៅ បានឲ្យដឹងថា មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យានៃរតនាគារខេត្តស្ទឹងត្រែងដែលបានធ្វើតេស្តរកសារធាតុញៀនតារមយៈទឹកមូត្រនាពេលនេះមានចំនួន១៧នាក់ ក្នុងមានប្រុសចំនួន៥នាក់ ស្រី១២នាក់ ។លោកបន្ថែមថា ការធ្វើតេស្តស្វែងរកសារធាតុញៀននាពេលនេះប្រសិនបើថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យានៃរតនាគារស្ទឹងត្រែងណាម្នាក់រកឃើញថាមានសារធាតុញៀន និងត្រូវដកដេញពីក្របខណ្ឌនិងបញ្ឈប់ពីការងារ។

លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿញៀននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានគូសបញ្ជាក់ថា ការរៀបចំតេស្តរកសារធាតុញៀននេះ គឺបន្តអនុវត្តតាមបទបញ្ជាលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

លោកអភិបាលរងខេត្តស្ទឹងត្រែង បន្តថាការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប ដើម្បីក្រើនរម្លឹក និងជំរុញឱ្យមន្ត្រីទាំងអស់ កុំប៉ះពាល់ កុំប្រើប្រាស់ និងចៀសឆ្ងាយពីគ្រឿងញៀន។ លោកថាគ្រឿងញៀនមានផលប៉ះពាល់ច្រើនណាស់ដល់ខ្លួនយើងនិងសង្គមជាតិ ជាពិសេសប៉ះពាល់សុខភាពរបស់យើង បង្កជាអសន្តិសុខក្នុងសង្គម និងធ្វើឲ្យមានបញ្ហាដល់សេដ្ឋកិច្ចជាតិនិងពិភពលោកផងដែរ។

គួរបញ្ជាក់ផងដែរថា ការតេស្តរកសាធាតុញៀនតាមរយៈទឹកមូត្រចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យានៃរតនាគារខេត្តស្ទឹងត្រែងនាពេលនេះទទួលបានជាលទ្ធផលជាអវិជ្ជមាន ទាំង១៧រូប៕ SamNeang

You might like

Leave a Reply

Your email address will not be published. Required fields are marked *